ព័ត៌មានជាតិ

ណាត់គ្នាទៅឆ្លងឆ្នាំនៅព្រះសីហនុ! មិនឃើញមក បែរជាប្រទះឃើញដេកស្លាប់

ភ្នំពេញៈ បុរសម្នាក់ ត្រូវបានមិត្តភក្តិប្រទះឃើញដេកស្លាប់ផ្កាប់ក្នុងបន្ទប់ជួលម្នាក់ឯង សង្ស័យគាំងបេះដូង។

ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៦និង៣៥នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ នៅបន្ទប់ជួលលេខ១២១ ជាន់ទី១ក្នុងដីឡូលេខ៦៧AB ផ្លូវ៦E ក្រុម២ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ នង ណារ៉ុន អាយុ២៦ឆ្នាំ មុខរបរ វិស្វករ ស្នាក់នៅបន្ទប់ជួលលេខ១២១ ជាន់ទី១ ក្នុងដីឡូលេខ៦៧AB ផ្លូវ៦E
ក្រុម២ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានស្រុកកំណើតភូមិកោះធំ ឃុំព្រៃគ្រឺ ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង។

ប្រភពពីមិត្តភក្តិសពបានប្រាប់សមត្ថកិច្ចថា កាលពីល្ងាចមុនកើតហេតុក្រុមការងារពួកគាត់បានណាត់គ្នាទៅដើរលេងនៅខេត្តព្រះសីហនុ ដោយណាត់គ្នាជិះរថយន្តជុំគ្នាម៉ោង៥ព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ នៅអគារពាណិជ្ជកម្មអ៊េតវូត លុះដល់ម៉ោងកំណត់ជួបជុំគ្នា ស្រាប់តែបាត់ខ្លួនគាត់(សព)មិនឃើញមក ពួកគាត់បានហៅទូរសព្ទទៅរក ដោយហៅចូលជាច្រើនដងមិនមានអ្នកទទួល ក៏បាននាំគ្នាមកហៅដល់បន្ទប់ជួលតែម្តង។

ប្រភពបន្តថាពេលទៅដល់បន្ទប់ឃើញបើកភ្លើងចោល ក៏អឺតមើលតាមប្រឡោះបង្អួច ឃើញគាត់ដេកផ្កាប់មុខ ពេលនោះពួកគាត់បានមកហៅម្ចាស់ផ្ទះឡើងទៅជាមួយនិងបានគាត់បង្អួចរួចលួកដៃឆ្កឹះគន្លឹះទ្វារបើកមើលឃើញគាត់ស្លាប់បាត់ទៅហើយ ពេលនោះដោយមិនអស់ចិត្តពួកគាត់បានខលទៅរថយន្តសង្គ្រោះគោលបំណងយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែពេលរថយន្តសង្គ្រោះមកដល់ឡើងទៅពិនិត្យនិងប្រាប់ថាបុរសខាងលើស្លាប់បាត់ហើយ ឲ្យរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះពិនិត្យទៅ។

ក្រោយបង្កភ្ញាក់ផ្អើលម្ចាស់ផ្ទះបានមកប្តឹងសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចុះទៅពិនិត្យសពខាងលើឃើញថាបុរសខាងលើស្លាប់ដោយសារខ្យល់គ ហើយបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

មតិយោបល់