ព័ត៌មានជាតិ

ជិះម៉ូតូលឿន ជ្រុលទៅបុករថយន្តក្រុមហ៊ុនស្រាបៀរ GANZBERG របួសធ្ងន់២នាក់

ភ្នំពេញ: បុរស២នាក់ ជិះម៉ូតូលឿនពេកដល់ស្តុបមិនបង្អង់ល្បឿនជ្រុលទៅរថយន្តមួយគ្រឿងរបស់ក្រុមហ៊ុន ស្រាបៀរហ្គេន ស្បឺត ពេញទំហឹងបណ្តាលឲ្យបោកផ្ទប់និងរថយន្តរងរបួសធ្ងន់ទាំង២នាក់។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង២ និង១០នាទីយប់រំលង អធ្រាត្រឈានចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងនិងផ្លូវឧកញ៉ាម៉ុងរិទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញបុរស២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ស៊េរី០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CD-8650 ជិះតាមបណ្តោយផ្លូវហាណូយ លុះមកដល់ស្តុបកែងផ្លូវឧកញ៉ាម៉ុងរិទ្ធី ចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុករថយន្តម៉ួយគ្រឿង ម៉ាកព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AJ-3757 បើកបរដោយបុរសម្នាក់ទើបនិងចេញពីពិធីខនសឺតនៅមជ្ឈមណ្ឌលកោះពេជ្រ បើកតាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ទិសដៅពីកើតទៅលិច ចំផ្នែកខាងឆ្វេង ចំហៀងខាងក្រោយពេញទំហឹងបណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ទាំង២នាក់នៅនឹងកន្លែងហេតុ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់គ្លិនីចឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ។

ចំណែកម្ចាស់រថយន្តត្រូវបានប្រជាពលរដ្ឋឃាត់បានភ្លាមៗនិងប្រគល់ជូនសមត្ថកិច្ចផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់