ព័ត៌មានបច្ចេកវិទ្យា

វិធីសាស្រ្ត ៦ យ៉ាង ការពារសុខភាពភ្នែកអ្នកពីការប្រើប្រាស់ស្មាតហ្វូន

ខណៈស្មាតហ្វូនកាន់តែដើរតួនាទីសំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្ស អ្នកប្រើប្រាស់​ភាគច្រើនតែងសំឡឹងមើលលើអេក្រង់ដ៏តូចរបស់វាជាច្រើនម៉ោងក្នុងមួយថ្ងៃៗ។ សកម្មភាពនេះ អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពភ្នែក និងធ្វើឱ្យភ្នែកចុះខ្សោយយ៉ាងឆាប់រហ័សបាន។​

ដូច្នេះ ដើម្បីកាត់បន្ថយបញ្ហានេះឱ្យបានជាអតិបរមា Post Tech សូមបង្ហាញជូននូវវិធីសាស្រ្តការពារ ៦ ចំណុចចំពោះផលប៉ះពាល់ជាអវិជ្ជមានកើតចេញពីអេក្រង់ទូរសព្ទរបស់លោកអ្នកដូចខាងក្រោម៖

១- បិទផ្លាស្ទិចកាត់បន្ថយពន្លឺលើអេក្រង់

ស្មាតហ្វូនស៊េរីថ្មីលំដាប់ថ្នាក់កណ្តាល និងខ្ពស់ភាគច្រើនមានក្រាលស្រទាប់ការពារការចាំងផ្លាត់នៃពន្លឺអេក្រង់ស្រាប់ ប៉ុន្តែ បើមិនមានទេ លោកអ្នកគួរតែទិញវានៅ​លើទីផ្សារដាក់មួយទៅ ព្រោះវាមិនថ្លៃនោះទេ។ ប៉ុន្តែ អាចជួយកាត់បន្ថយបរិមាណពន្លឺពណ៌ខៀវចាំងចេញពីអេក្រង់ ដែលអាចប៉ះពាល់ដល់ភ្នែកលោកអ្នកបានមួយកម្រិត។

២- ប្រើទឹកស្អាតលុបលាង និងផ្តល់សំណើមឱ្យភ្នែក

លោកអ្នកគួរលុបលាងមុខជារឿយៗ ដើម្បីផ្តល់ជាតិទឹកទៅឱ្យភ្នែក ពេលណាខ្លួនប្រើប្រាស់ទូរសព្ទ និងសំឡឹងមើលអេក្រង់របស់វាយូរម៉ោងពេក។ ព្រោះថា ពន្លឺចេញ​អេក្រង់ទូរសព្ទ ក៏មិនខុសពីពន្លឺកុំព្យូទ័រប៉ុន្មានដែរ ពោលគឺ វានឹងរំហួតជាតិទឹកក្នុងភ្នែកលោកអ្នក និងធ្វើឱ្យភ្នែកអ្នកផ្សារបាន។ ដូច្នេះ ដំណោះស្រាយនេះនឹង​ជួយកាត់បន្ថយផលប៉ះពាល់ពីប្រតិកម្មពន្លឺចេញពីអេក្រង់ទូរសព្ទមួយខណៈពេលបាន។

៣- អនុវត្តគោលការ ២០/២០/២០

តាមធម្មជាតិ ភ្នែកមនុស្សយើងគឺមិនមែនប្រើសម្រាប់តែសំឡឹងមើលវត្ថុជិតៗជាប់​យូរនោះទេ ប៉ុន្តែ គឺសម្រាប់សំឡឹងឆ្លាស់គ្នាចុះឡើងរវាងទីឆ្ងាយ និងទីជិតៗក្នុងរយៈពេលពីរបីវិនាទី ឬនាទីម្តង។ ម្លោះហើយ ការអានសៀវភៅ ឬសំឡឹងលើអេក្រង់ទូរសព្ទរាប់ម៉ោង គឺបីដូចជាការបង្ខំភ្នែកលោកអ្នកឱ្យធ្វើការខុសពីធម្មជាតិអីចឹង។
ជាមួយការប្រើប្រាស់ស្មាតហ្វូន មានក្រឹតក្រមមួយហៅថា 20/20/20 ដែលវាមាន​ន័យថា រៀងរាល់ ២០ នាទីម្តង លោកអ្នកចាំបាច់ត្រូវសំឡឹងមើលអ្វីមួយដែលមានចម្ងាយ ២០ ហ្វីត (ជាង ៦ ម៉ែត្រ) ពីភ្នែក ក្នុងរយៈពេលយ៉ាងហោចណាស់ ២០ វិនាទី។ កាន់តែល្អប្រសើរជាងនេះ គួរទុកឱ្យភ្នែកបានសម្រាកពីការសំឡឹងមើល​លើអេក្រង់ពី ១០ ទៅ ១៥ នាទី រាល់ពេលលោកអ្នកសំឡឹងលើវារយៈពេលពី ៤០ ទៅ ៥០ នាទី។

៤- កែសម្រួលពន្លឺ ពណ៌ និងទំហំអក្សរ

ពន្លឺ ពណ៌ និងទំហំអក្សរ គឺជាធាតុផ្សំដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពភ្នែកលោកអ្នកខ្លាំងបំផុត។ បើវាទាបពេក ឬខ្ពស់ពេក លោកអ្នកត្រូវតែកែសម្រួលវា ឱ្យសមស្របទៅតាមស្ថានភាពពន្លឺជុំវិញខ្លួន និងការចង់បាននៃភ្នែករបស់លោកអ្នក។ សម្រាប់ស្មាតហ្វូនបច្ចុប្បន្ន វាមានមុខងារកែសម្រួលពន្លឺ និងពណ៌ដោយស្វ័យប្រវត្តិហើយ។ ដូច្នេះ លោកអ្នកគួរតែបើកវាប្រើទៅ! សម្រាប់ពុម្ពអក្សរវិញ បើតូចពេក លោកអ្នកក៏គួរកំណត់យកខ្នាតធំផងដែរ ដើម្បីកុំឱ្យភ្នែកទាំងគូរបស់ខ្លួនប្រឹ​ង​អាន​តួអក្សរនីមួយៗពេក។

៥- សម្អាតអេក្រង់ឱ្យបានស្អាត

អេក្រង់ទូរសព្ទបច្ចុប្បន្ន សុទ្ធតែជាប្រភេទប៉ះបញ្ជា ដូច្នេះ វាងាយនឹងប្រឡាក់ដានស្នាមម្រាមដៃ និងធូលីដីខ្លាំងណាស់ លើកលែងតែអេក្រង់ស្មាតហ្វូនលំដាប់កំពូលមួយចំនួនប៉ុណ្ណោះ ដែលមានក្រាលដោយស្រទាប់ការពារភាពកខ្វក់ទាំងនេះ។

ដូច្នេះ លោកអ្នកគួរតែសម្អាតវាចេញ ដោយប្រើក្រណាត់ទន់ៗ ជូតពីលើអេក្រង់នៅពេលដែលវាឡើងស្រអាប់ ឬជាប់ដានដោយអ្វីមួយនោះ។

៦- ប្រើក្នុងគម្លាតសុវត្ថិភាពពីភ្នែក

អ្នកប្រើប្រាស់ចំនួន ទម្លាប់សំឡឹងមើលស្មាតហ្វូនរបស់ខ្លួនកៀកនឹងភ្នែកណាស់។ ក្នុងនោះក៏មានដែរក្មេងតូចៗ។ ឥរិយាបថនេះ ទោះតិចឬច្រើន វានឹងប៉ះពាល់ដល់ខ្សែចក្ខុជាមិនខាន។ យល់ល្អលោកអ្នកគួរតែព្យាយាមដាក់វាឱ្យឋិតនៅចម្ងាយប្រមាណពី ៤០ ទៅ ៤៣ សង់ទីម៉ែត្រ ពីភ្នែក​ ឬស្មើនឹងមួយគន្លាក់ដៃចុះពេលលោកអ្នកអង្គុយ ទើបធានាសុខភាពល្អដល់ភ្នែកបានយូរអង្វែង៕

មតិយោបល់