ព័ត៌មានជាតិ

មន្ត្រីយោធាម្នាក់នៅអង្គភាពសឹករងខេត្តបន្ទាយមានជ័យ ត្រូវរថយន្តបុកស្លាប់ ក្នុងថ្ងៃខោនដោន!

បន្ទាយមានជ័យៈ មន្ត្រីយោធាម្នាក់ ត្រូវបានរថយន្តបុកស្លាប់ គ្រាដែលកំពុងជិះម៉ូតូចេញពីផ្ទះឆ្ពោះមកបន្ទាយ។

គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៦ ជិតស្ពានទី៥ ស្ថិតភូមិ ភ្នៀត សង្កាត់ភ្នៀត ក្រុងសរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក សួន នីប៉ូ នាយការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឃឹម នុល ភេទប្រុស អាយុ៦១ឆ្នាំ ជាមន្ត្រីយោធាក្នុងអង្គភាពសឹករងខេត្តបន្ទាយមានជ័យ មានទីលំនៅក្នុងភូមិគោករំចេក ឃុំស្រះជីក ស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។

មុនពេលកើតហេតុ ជនរងគ្រោះបាន ជិះម៉ូតូមួយគ្រឿងធ្វើដំណើរតាមផ្លូវលេខ៦ ពីកើតមកលិច ។លុះជិះមកដល់ចំណុចកើតហេតុខាងលើ ជនរងគ្រោះក៏បានគេចគោយន្តកន្ត្រៃមួយគ្រឿង ដែលផ្ទុកស្រូវពេញចតចោលលើគំនូសផ្លូវម៉ូតូគ្មានភ្លើងបំភ្លឺ ហើយស្របពេលនោះ ក៏មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក់បើកបរស្របទិសគ្នាមកដល់ក៏បានបុកម៉ូតូពីក្រោយបណ្តាលឲ្យមន្ត្រីយោធារូបនោះ ខ្ទាតចេញពីម៉ូតូធ្លាក់ទៅកណ្តាលផ្លូវហើយក៏ត្រូវ រថយន្តមួយគ្រឿងផ្សេងទៀតដែលបើកបរបញ្ច្រាសទិសគ្នាពីលិចទៅកើត កិនចំក្បាលស្លាប់ភ្លាមៗនៅកន្លែង។

ក្រោយកើតហេតុរថយន្តបង្កទាំង២គ្រឿងបានបើករត់គេចចេញពីកន្លែងកើតហេតុ បន្សល់ទុកសាកសពជនរងគ្រោះនិងសម្ភារៈនៅរាយប៉ាយពេញផ្លូវ។

សាកសពក្រោយការវាស់វែង ត្រូវបានមេបញ្ជាការអង្គភាពមកទទួលទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកគោយន្តដែលចតចោលលើផ្លូវដើមហេតុបង្កឲ្យមានគ្រោះថ្នាក់ត្រូវបានយកមករក្សាទុកនៅការិយាល័យចរាចរណ៍ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់