ព័ត៌មានជាតិ

ម៉ូតូមិនចាំម៉ាក បុកបុរសចំណាស់ម្នាក់ របួសធ្ងន់បាក់ជើង!

ភ្នំពេញ: បុរសចំណាស់ម្នាក់ ត្រូវបានម៉ូតូមិនស្គាល់ម៉ាក១គ្រឿងបើកបុកពេញទំហឹង ខណ:ដែលគាត់កំពុងដើរឆ្លងផ្លូវ បណ្ដាលឲ្យរងរបួសបាក់ជើងស្ដាំម្ខាង បន្ទាប់មកម៉ូតូបង្កហេតុបានបើករត់គេចខ្លួនបាត់ស្រមោល ចំណែកបុរសរងគ្រោះខាងលើ ត្រូវបានរថយន្តសង្គ្រោះអង្គភាព៧១១ កងពលតូចលេខ៧០ដឹកយកទៅសង្គ្រោះបន្ទាន់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០និង៣៥នាទីព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសរងគ្រោះមានអាយុប្រហែលជាង៦០ឆ្នាំ ជាជនអនាថាមិនត្រូវបានស្គាល់ឈ្មោះឡើយ ចំណែកម៉ូតូដែលបានបើកបុកគាត់បណ្ដាលឲ្យរងរបួសធ្ងន់នោះ ក៏មិនត្រូវបានស្គាល់ម៉ាកនិងស្លាកលេខដែរព្រោះបានបើករត់គេចខ្លួនបាត់។

ប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានឃើញបុរសរងគ្រោះខាងលើដើរឆ្លងផ្លូវជាតិលេខ៣ពីលិចទៅកើត ខណ:នោះជិតផុតទៅហើយ ស្រាប់តែម៉ូតូមិនស្គាល់ម៉ាក១គ្រឿងខាងលើ បើកបរយ៉ាងលឿន ក្នុងទិសដៅពីត្បូងទៅជើងបុកពេញទំហឹង បណ្ដាលឲ្យដួលបោកទៅលើថ្នល់រងរបួសធ្ងន់ដោយបាក់ជើងស្ដាំម្ខាងតែម្ដង បន្ទាប់មកម៉ូតូបានបើករត់គេចខ្លួនបាត់ស្រមោលតែម្ដង៕
//youtu.be/sdRJXIPOIFQ

មតិយោបល់