ព័ត៌មានជាតិ

ខំចូលទៅឃាត់កុំឲ្យឈ្លោះគ្នា បែរជាកាប់ឯងរបួសរយះក្បាល ទ្រាំមិនបានទាញ់បុង័តោកាប់វិញ!

កណ្តាលៈ ករណីហិង្សារមួយបានកើតឡើង រវាងមិត្តភក្តិ កាប់មិត្តភក្តិ ចុងក្រោយដេកពេទ្យទាំងអស់គ្នា។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ៤និង២០នាទីល្ងាច ភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ផាត រស់ ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរ កម្មករសំណង់ ស្នាក់នៅភូមិគោសុមៈ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង (មានរបួសក្បាល ១កន្លែង)។ ចំណែកជនសង្ស័យមានឈ្មោះលឹម សៅហឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ (មានរបួសក្បាលចំហៀងខាងឆ្វេង១កន្លែង)។ ដកហូតបាន កាំបិតខ្វែវដងដែកចំនួន១។

គួរបញ្ជាក់ថា រយៈពេលជាងមួយខែមកហើយជនរងគ្រោះនិងជនសង្ស័យបានមកស្នាក់នៅធ្វើការជាកម្មករសំណង់ នៅភូមិឃុំកើតហេតុជាមួយគ្នារហូតដល់សព្វថ្ងៃនេះ។ ដល់ថ្ងៃទី១ មករា ឆ្នាំ២០១៨ វេលាម៉ោង ៩ព្រឹក ឈ្មោះ លឹម សៅហឿន បានទៅផឹកស្រាម្នាក់ឯងនៅក្រៅការដ្ឋានសំណង់ ដល់វេលាម៉ោង ៣និង៣០នាទី រសៀលថ្ងៃដដែល ជនសង្ស័យឈ្មោះ លឹម សៅហឿន មានសភាពស្រវឹងស្រា បានចូលមកក្នុងការដ្ឋានសំណង់វិញ ហើយជេរប្រមាថនិងដេញវាយប្រពន្ធរបស់ខ្លួន ពេលនោះឈ្មោះ រស់ សាវ៉ាន់ ជាប្រពន្ធរបស់ឈ្មោះ លឹម សៅហឿន បានរត់គេចចេញពីការដ្ឋានសំណង់ បន្ទាប់មកឈ្មោះ លឹម សៅហឿន នៅមាត់ឡូឡារហូតដល់ម៉ោង ៤និង២០នាទី ជនរងគ្រោះឈ្មោះ ផាត រស់ បានឃាត់ឈ្មោះ លឹម សៅហឿន កុំឲ្យរករឿងនិងវាយប្រពន្ធ ស្រាប់តែឈ្មោះ លឹម សៅហឿន ទាញយកកាំបិតបុ័ងតោមកកាប់ត្រូវចំក្បាលឈ្មោះ ផាត រស់ ពីលើចំនួន១កាំបិត ភ្លាមនោះឈ្មោះ ផាត រស់ បានទាញយកកាំបិតខ្វែវដងដែកមកកាប់ត្រូវក្បាលឈ្មោះ លឹម សៅហឿន វិញ ត្រូវក្បាលចំហៀងខាងឆ្វេងចំនួន១កាំបិតបណ្តាលឲ្យមានរបួសស្នាម។

បច្ចប្បន្នជនរងគ្រោះឈ្មោះ ផាត រស់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ឯឈ្មោះ លឹម សៅហឿន ព្យាបាលរបួសនៅគ្លីនិកឯកជន។ ចំពោះវត្ថុតាងកាំបិតបុ័ងតោរបស់ឈ្មោះលឹម សៅហឿន បាន បោះចោលក្នុងទឹករកមិនឃើញ៕

មតិយោបល់