ព័ត៌មានជាតិ

ចឹងសោះក៏ខឹងដែរ! ប្រពន្ធមិនឲ្យចាក់ចម្រៀងឮៗ ចាប់បោកដូចកីទ្បាកាស

កណ្តាល: បុរសជាប្តីម្នាក់ បានផឹកស្រាស្រវឹងជោគជាំ រួចក៏ចាក់បទចម្រៀងស្ដាប់ ដោយបើកធុងបាស់ឮខ្លាំងៗ ខណ:នោះត្រូវប្រពន្ធទៅឃាត់ ក៏ត្រូវប្ដីវាយចំក្បាលមួយដៃ រួចចាប់បោក។

ហេតុការណ៍នេះ កើតហេតុថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៣ រសៀល ត្រង់ចំណុច ភូមិត្រពាំងរាំង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ រស់ វឹត ភេទស្រី អាយុ៣៩ ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ នៅភូមិត្រពាំងរាំង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល (ជាប្រពន្ឋ)។ ចំណែកជនសង្ស័យ ឈ្មោះ យ៉ាន់ យ៉ុន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិឃុំកើតហេតុ (ជាប្តី)។

នគរបាលស្រុកអង្គស្នួល បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យជាប្តី បានផឹកស្រាស្រវឹង ហើយចាក់ធុងបាស់ឮខ្លាំងៗ ហើយក៏ត្រូវប្រពន្ធស្តីឲ្យ ទើបខឹងក៏វាយប្រពន្ធមួយដៃចំក្បាល និងចាប់បោក ខណ:នោះម្តាយក្មេក ឃើញក៏ស្ដីឲ្យ តែជនសង្ស័យជាប្តី គំរាមរកវាយទាំងម្តាយក្មេកទៀត។

ករណីនេះដែរ ជនរងគ្រោះជាប្រពន្ធ គ្រាន់តែសុំសមត្ថកិច្ចនៅអធិការដ្ឋាននគរបាលស្រុក ធ្វើការអប់រំប្ដីខ្លួនតែប៉ុណ្ណោះ៕

មតិយោបល់