ភ្នំពេញៈ បុរសម្នាក់រួមដំណើរពីរនាក់ទៀត បានបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត កំពុងចតលើចិញ្ចើមផ្លូវពេញទំហឹង ចំមួយចំហៀងផ្នែកខាងស្ដាំ បណ្ដាលឲ្យរងការខូចខាត រួចព្យាយាមបើករត់រហូតដល់ស្តុបនាគបាញ់ទឹក ទៅមុខលែងរួច។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវព្រះសីហនុ ត្រង់ចំណុចមុខក្រសួងបរិស្ថានចាស់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
យោងតាមប្រភពពីកន្លែងកើត បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់រួមដំណើរពីរនាក់ទៀត ពានបើករថយន្តកាមរីហាយប្រីត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2P-8447 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេង ជ្រុលទៅបុករថយន្តកាមរីបាឡែន ពណ៌សពាក់ស្លាកលេខភ្នំពេញ2AP-1517 ដែលចតស្ងៀមអែបចិញ្ចើមផ្លូវពេញមួយចំហៀងខាងស្ដាំ រងការខូចខាតយ៉ាងដំណំ។
ភ្លាមៗនោះរថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវទេ ដោយព្យាយាមបើករត់រហូតដល់ស្តុបនាគបាញ់ទឹក ទៅមុខលែងរួច ករណីនេះ មិនមានអ្នករបួសទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះដល់កន្លែងកើតហេតុ បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយខាងរថយន្តកាមរីហាយប្រីត ព្រមយករថយន្តកាមរីបានឡែន ទៅជួលជុលដើម្បីបញ្ចប់រឿង៕
មតិយោបល់