ភ្នំពេញៈ ក្រុមជនសង្ស័យ២នាក់ ទៅធ្វើសកម្មភាពកាច់សោ.កម៉ូតូ១គ្រឿង បានសម្រេច ត្រូវបានម្ចាស់គេទាន់ចាប់ប្រទាញប្រទង់គ្នា បណ្តាលឲ្យដួលម៉ូតូ ស្រាប់តែជនសង្ស័យម្នាក់ ដកកាំភ្លើងភ្ជង់ជនរងគ្រោះ រួចប្រញាប់ជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
ករណីនេះកើតឡើងនៅម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះមួយកន្លែង តាមផ្លូវបេតុង ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ គង ជី ភេទប្រុស អាយុ៥១ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅផ្ទះកើតហេតុខាងលើ ។ ចំណែកម៉ូតូ ដែលជនសង្ស័យលួចយកទៅបាត់ម៉ាកហុងដាសេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GP-5139 ។ ចំណែកក្រុមជនសង្ស័យ មានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ មកធ្វើសកម្មភាព។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលរវល់ចូលដាំបាយ នៅចង្ក្រានចំហៀងផ្ទះ ស្រាប់តែនៅវេលាម៉ោងខាងលើ ជនសង្ស័យ២នាក់ ជិះម៉ូតូមកឈប់មុខផ្ទះ ហើយម្នាក់ចូលទៅធ្វើសកម្មភាព កាច់សោ.កម៉ូតូ បានសម្រេចហើយ ឡើងជិះចេញមកទាន់ ចាប់ប្រទាញប្រទង់គ្នាធ្វើឲ្យដួលម៉ូតូនៅមាត់ច្រកទ្វារ ហើយត្រូវបានជនសង្ស័យម្នាក់ទៀតជាបក្ខពួក ដកកាំភ្លើងខ្លីភ្ជង់ ធ្វើឲ្យពលរដ្ឋក្បែរខាងភ័យនិងមិនហ៊ានចូលជួយ រួចជនសង្ស័យលើកម៉ូតូឡើងជិះ ជ្រុលទៅបុកម៉ូតូស្កុបពីមួយគ្រឿងផ្សេងទៀត បណ្តាលឲ្យដួល ហើយជនសង្ស័យបន្តលើកម៉ូតូបើករត់គេចទៅបាត់ដោយសុវត្ថិភាព ទើបផ្អើលប្រជាពលរដ្ឋហ៊ានចេញមក តែហួសពេលទៅហើយ ។
ក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ សាកសួរ និងឆែកពិនិត្យ មើលតាមរយៈកាមេរ៉ាសុវត្ថិភាពក្បែរនោះ ឃើញថារូបភាពសកម្មភាព ជនសង្ស័យទាំង២នាក់ មុនចូលធ្វើសកម្មភាព ជិះឆ្វែលក្រឡឹង ២ ដងមកហើយ រួចជនសង្ស័យម្នាក់ចូលទៅធ្វើសកម្មភាពកាច់សោ.កម៉ូតូរបស់ជនរងគ្រោះ ទោះជាប្រទាញប្រទង់ជាមួយ ម្ចាស់ជនរងគ្រោះយ៉ាងណាក៏ដោយ ដោយសារដកកាំភ្លើងភ្ជង់ ម៉ូតូយកទៅបាត់ដោយសុវត្ថិភាពហើយ ជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កាកាប១ ខណ្ឌពោធិ៍សែនជ័យ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវដើម្បីចាត់ការតាមនិតិវិធី៕
មតិយោបល់