សារព័ត៌មានបារាំង Le Parisien កាលពីថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១ បានផ្សាយថា ព្រះរាជវង្សខ្មែរមួយអង្គ កំពុងស្នើសុំទិញក្លិបបាល់ទាត់បារាំង AS Saint-Etienne នៃក្របខណ្ឌ Ligue 1 របស់បារាំង ក្នុងតម្លៃជាង ១០០លានដុល្លារ។ ដំណឹងនេះ បានបង្កការភ្ញាក់ផ្អើលដល់សាច់ញាតិរបស់ព្រះអង្គ ដែលគង់នៅស្រុកខ្មែរ និងបានអះអាងថា នេះគឺជាដំណឹងពិត។
បណ្ដាញសារព័ត៌មានបរទេស និងក្នុងស្រុក កំពុងផ្សព្វផ្សាយ ជុំវិញដំណឹងរបស់ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ បុត្រារបស់សម្ដេចព្រះមហិស្សរា ចក្រពង្ស់ ដែលកំពុងបោះទុនទិញក្លិបបាល់ទាត់ខាងលើ ក្នុងតម្លៃកប់ពពក។
សារព័ត៌មានបរទេសនោះ បានសរសេរថា ក្លិប AS Saint-Etienne ត្រូវបានប្រកាសលក់ជាផ្លូវការ កាលពីថ្ងៃទី១៣ ខែមេសា កន្លងមក ហើយតាមរបាយការណ៍ ដែល Le Parisien ទទួលបាន គឺព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ បានដាក់សំណើសុំទិញក្នុងតម្លៃ ១០០លានអឺរ៉ូ ស្មើនឹង ១១៧លានដុល្លារអាមេរិក តាមរយៈធនាគារ KPMG ដើម្បីក្លាយជាម្ចាស់ថ្មីរបស់ក្លិបបាល់ទាត់ល្បីឈ្មោះមួយនេះ។
ដំណឹងនេះ នាំឲ្យព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ នឹងក្លាយជាជនជាតិខ្មែរដំបូងគេ ដែលវិនិយោគ ក្នុងការគ្រប់គ្រងក្លិបដ៏ល្បី នៅក្រៅប្រទេសបែបនេះ។
ព្រះអង្គម្ចាស់ នរោត្តម ពុទ្ធពង្ស ដែលជាព្រះរៀមរបស់ព្រះអង្គម្ចាស់ រ៉ាវីចក្រ និងជាបុត្រារបស់សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស់ បានប្រាប់សារព័ត៌មាន ក្នុងស្រុកថា អ្វីដែលសារព័ត៌មានបរទេស បានផ្សាយពីព្រះអនុជរបស់ទ្រង់ គឺជាការពិត។
ព្រះអង្គ មានព្រះបន្ទូលថា «ជាព័ត៌មានពិត! នេះជាគម្រោងរបស់ព្រះអនុជខ្ញុំ ជាមួយមិត្តភក្តិព្រះអង្គ ដែលជាអ្នកជំនួញនៅអឺរ៉ុប។ ខ្ញុំរំពឹងថា Saint-Etienne នឹងជ្រើសរើសសំណើនេះ»។
ថ្វីដ្បិតតែក្លិប Saint-Etienne នៅមិនទាន់បានឆ្លើយតបនឹងសំណើរមួយនេះ នៅឡើយ ប៉ុន្តែគេមើលឃើញថា ភាគរយទទួលបានសិទ្ធិគ្រប់គ្រងរបស់ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ គឺមានភាគរយខ្ពស់។
គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ កើតនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៤ ជាបុត្រារបស់សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស់ និងអ្នកម្នាង ហ៊ុន សឿន។ ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ជាព្រះរាជនត្តា (ចៅ) របស់ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ។
ដោយឡែក សម្រាប់ក្លិបបាល់ទាត់ AS Saint-Etienne គឺមានរហស្សនាម្យ៉ាងទៀតថា ក្រុមពណ៌ខៀវ ឬ Les Stéphanois។ ក្លិបនេះ បង្កើតឡើង កាលពីឆ្នាំ១៩១៩ ដោយធ្លាប់ឈ្នះជើងឯក Ligue 1 របស់បារាំងដែលជាកំណត់ត្រាមួយ នៅអឺរ៉ុប រហូតដល់ទៅ ១០លើក ហើយបច្ចុប្បន្នស្ថិតក្រោមការដឹកនាំបង្វឹករបស់លោក Claude Puel។ ហេតុផលនៃការប្រកាសលក់ក្លិបនេះ គឺដើម្បីស្វែងរកអ្នកគ្រប់គ្រងថ្មី និងដើម្បីអភិវឌ្ឍន៍ក្រុមអោយកាន់តែខ្លាំង៕



មតិយោបល់