ភ្នំពេញៈ បុរសដែលជាជនសង្ស័យម្នាក់ យកម៉ូតូសង្សារទៅបាត់ជិត១ខែ ដល់ថ្ងៃស៊យជិះមកជួបម្ចាស់ម៉ូតូឃើញក៏ស្រែកថាចោរៗផ្អើលប្រជាពលរដ្ឋ ចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍មនោរម្យ។
ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៩និង៣៥នាទីព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចច្រកឌឿងហែម ក្រោមភោជនីយដ្ឋានថ្មដា សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
យោងតាមពាក្យបណ្តឹងជនរងគ្រោះមានឈ្មោះ អ៊ុន ស្រីណែត អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះលេខ១៧ ភូមិអណ្តូងប្រាំ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ម៉ូតូដែលជនសង្ស័យយកទៅម៉ាកហុងដាអាយខន ស្លាកលេខភ្នំពេញ 1-AM.9474 ហើយត្រូវបានជនសង្ស័យដោះស្លាកលេខចោលដាក់ស្លាកលេខថ្មី កណ្តាល 1V-1590 ។
ចំណែកជនសង្ស័យ មានឈ្មោះ ចាន់ រ៉ាវុធ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរពិតប្រាកដ ស្នាក់នៅម្ដុំផ្សារទឹកថ្លា។
មុនកើតហេតុជនរងគ្រោះទើបតែស្គាល់ជនសង្ស័យបានតែ២ថ្ងៃ ហើយបានដើរលេងជាមួយគ្នា ដោយជនសង្ស័យជិះរថយន្ត១គ្រឿង ចំណែកជនរងគ្រោះជិះម៉ូតូ ហើយជនសង្ស័យឲ្យជនរងគ្រោះយកម៉ូតូទៅផ្ញើនៅម្តុំមន្ទីរពេទ្យលោកសង្ឃ ហើយឡើងជិះរថយន្តដើរលេងជាមួយគ្នា ។ ខណៈកំពុងដើរលេង ជនរងគ្រោះឈឺនោមក៏ចុះពីរថយន្តទៅរកបន្ទប់ទឹក ដោយសោម៉ូតូ និងសំបុត្រផ្ញើនៅក្នុងរថយន្តផងនោះ ពេលជនរងគ្រោះចុះរកបន្ទប់ទឹក ជនសង្ស័យក៏បើករថយន្តចេញមកបាត់ ។ ភ្លាមនោះជនរងគ្រោះមកពីបន្ទប់ទឹកវិញមិនឃើញជនសង្ស័យ ក៏បានហៅម៉ូតូឌុបជិះមកកន្លែងផ្ញើម៉ូតូ ដើម្បីមករកម៉ូតូ តែរកមិនឃើញព្រោះជនសង្ស័យបានមកយកម៉ូតូចេញទៅបាត់ហើយ។ ក្រោយពេលដឹកថាជនសង្ស័យលួចយកម៉ូតូទៅបាត់ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ភ្នំពេញថ្មី ។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានឃាត់ខ្លួននៅប៉ុស្ថិ៍នគរបាលមនោរម្យដើម្បីធ្វើការសាកសួរនិងចាត់ចែងទៅតាមផ្លូវច្បាប់ ៕
មតិយោបល់