ភ្នំពេញៈ ទីបំផុតទៅក្រុមបងធំជំនាញខាងកាប់ចាក់គ្នារហូតដល់ស្លាប់ ប្រចាំខណ្ឌពោធិ៍សែនជ័យ ត្រូវបានបញ្ជូនទៅសម្រាកនៅគុកព្រៃស ជាបណ្តោះអាសន្នហើយ នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨នេះ បើយោងតាមការបញ្ជាក់ពីសមត្ដកិច្ច។
ប្រភពបន្ដថា លោក សេង លាង ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទទាំង៦នាក់ ក្រោយពីលោក ងិន ពេជ្រ ជាតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទាស ដោយសារមរណភាពនៃជនរងគ្រោះ យោងតាមមាត្រា ២១៧ និងមាត្រា ២២៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
គួររំលឹកថា ជនត្រូវចោទទាំង៦នាក់ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនក្រោយពីពួកគេបានបើកឆាកប្រយុទ្ធ ស៊ីសាច់ហុតឈាមគ្នា បណ្តាលឱ្យមនុស្ស ២នាក់ស្លាប់ នៅតំបន់ទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីចុងខែធ្នូ ឆ្នាំ២០១៧៕
មតិយោបល់