ភ្នំពេញៈ លោកស្រី កែវ ដាវី ស្នងការរងនគរបាលខេត្តរតនគិរី ទទួលបន្ទុកផ្នែកជួញដូរ និងការពារអនិតិជន បានថ្លែងប្រាប់ តាមទូរសព្ទ នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨នេះ ថា ករណីដែល អាណាព្យាបាលកុមាជនជាតិដើម ២នាក់ ចោទប្រកាន់ថា លោក មាស សោភ័ណ្ឌ ជាមន្ត្រីនគរបាលស្រុកអូរយ៉ាដាវ បានលួងលោមកូនស្រីទៅ រំលោភនៅផ្ទះសំណាក់យីហៅ ម៉េងលីន នោះជារឿងមិនពិតនោះទេ ពោលវាជារឿង យល់ច្រលំតែប៉ុណ្ណោះ។
លោកស្រីបន្តថា ដោយសាររឿងនេះមិនមែនជា បទល្មើសជក់ស្តែង លោកស្រីបាន កោះហៅជនរងគ្រោះទាំង២នាក់ មកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរីហើយ និងរងចាំសេចក្តីម្រេចត្រលប់មកវិញ។
ទោះជាយ៉ាងណាលោកស្រី្នងការបាន ទទួលស្គាល់ថា លោក មាស សោភ័ណ្ឌ ពិតជាបាននាំយកក្មេងស្រីទាំង ២នាក់ទៅជាមួយមែន ព្រោះជាសាច់ញាតិនឹងគ្នា ដោយលោកស្រីអះអាងថា ពេលនាំទៅនោះ គឺលោក មាស សោភ័ណ្ឌ យកក្មេងទាំង ២នាក់ទៅទិញអីវ៉ាន់តែប៉ុណ្ណោះ។ ដោយមានការយល់ច្រលំទើបម្តាយឪពុកជនរងគ្រោះ ប្តឹងសមត្ថកិច្ចតែម្តងទៅ។
លោកស្រីស្នងការបន្ថែមថា ករណីនេះ មន្ត្រីជំនាញរបស់លោកស្រីមិនបាន យកកុមារី រងគ្រោះ ទាំង ២នាក់ទៅពិនិត្យ ស្នាកស្នាម ថាពិតជាមានការចាប់រំលោភ ឬមិនមាននោះទេ ដោយលោកស្រីគ្រាន់តែបញ្ជាក់ថា បច្ចុប្បន្ន កូនៗជនជាតិដើម អាយុជាង១០ឆ្នាំ ចេះអីៗគ្នា អស់ហើយ។
យោងតាមប្រភពពីមន្ត្រីសមត្ដកិច្ចខេត្តរតនគិរី បានបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មានថា ករណីរំលោភនេះ ត្រូវបាន លោក មាស សោភ័ណ្ឌ សងសំណងជំងឺចិត្ត ទៅឪពុកម្តាយជនរងគ្រោះ ចំនួន ១២,០០០ដុល្លារ ដើម្បីសុំឱ្យដកពាក្យបណ្ដឹង និងបញ្ចប់រឿងហើយ។
បើយោងតាមការបញ្ជាក់របស់ម្តាយឪពុកជនេងគ្រោះ បានឱ្យដឹងថាកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ កូនស្រីពួកគាត់ ទាំង២នាក់ បានបាត់ពីផ្ទះ ទើបធ្វើឱ្យមានការឆោរឡោដើររក ក្នុងភូមិតែរកមិនឃើញ។
លុះដល់ម៉ោងប្រមាណ១០យប់ ថ្ងៃដដែលទើបរកឃើញ ពួកគេទាំង២នៅចំណុចភូមិប៉ក់តូច ដែលមានចំងាយ២គីឡូម៉ែត្រ ពីផ្ទះគាត់។
ពួកគាត់បន្ដថា ក្រោយពីរកឃើញកូន ពួកគាត់បាន សួរនាំពីដំណើររឿង ស្រាប់តែធ្លាយចេញរឿង លោក មាស សោភ័ណ្ឌ មន្ត្រីនគរបាលស្រុកអូរយ៉ាដាវ លួងលោមថា នាំមកទិញខ្សែក និងទូរសព្ទឲ្យនៅផ្សារបានលុង។
ក្រោយសាកសួរដេញដោលខ្លាំង ទើបធ្លាយចេញរឿង លោក មាស សោភ័ណ្ឌ នាំកូនស្រីរបស់ពួកគាត់ទៅ រំលោភនៅក្នុងផ្ទះសណាក់ យីហោ ម៉េងលីន។
បន្ទាប់មកពួកគាត់ក៏បានទៅ ប្តឹងមេភូមិ មេឃុំ និងប៉ុស្តិ៍ឃុំប៉ក់ញ៉ៃ ប៉ុន្តែគ្មានអ្នកណាអើពើនោះទេ។
ទាក់ទងនឹងករណីនេះ យើងនៅមិនទាន់អាចសុំការបញ្ជាក់ពីលោក ព្រះរាជអាជ្ញារង ហាក់ ហ៊ាន់ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តរតនគិរីបាននៅឡើយទេ ដោយទូរស័ព្ទលោក ហៅចូល ប៉ុន្តែគ្មានអ្នកទទួល។
បើយោងតាមមាត្រា ៤២ នៃច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ បានចែងថា បទ អំពើរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី៥ឆ្នាំ ទៅ១០ឆ្នាំ។
មហាជននងរងចាំមើលថាតើ សំណុំរឿងនៅប្រែព័ណ៌ទៅជាយ៉ាងណាទៀត នៅពេលដែល នគរបាលយុត្តិធម៌មួយរូប ដែលយល់ដឹងពីច្បាប់ បែរជាធ្វើអំពើបំពានច្បាប់បែបនេះ៕
មតិយោបល់