ព័ត៌មានជាតិ

​រន្ធត់! រថយន្តយក្ស ជល់ជាមួយហាយឡែនឌ័រ ស្លាប់២នាក់ ដោយម្នាក់ជាវេជ្ជបណ្ឌិត នៅមន្ទីរពេទ្យកាល់ម៉ែត!!!..

កំពង់ធំ: ​នៅថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរការ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី​៥​ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង​៦និង៤១នាទីព្រឹក ​​មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តហាយឡែនឌ័រ បើកបុករថយន្តហ៊ីយ៉ាន់ដាយ ក្នុងទិសដៅផ្ទុយគ្នា បណ្តាល​ឲ្យ ម្ចាស់រថយន្ត​ហាយឡែនឌ័រស្លាប់និងអ្នករួមដំណើរស្លាប់ ​នៅលើកំណាត់ផ្លវជាតិលេខ៦ ភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ជនរងគ្រោះមានឈ្មោះ អៀង​ ភ័ណ្ឌ ភេទប្រុស អាយុ​៣៨ឆ្នាំ មុខរបរវេជ្ជ:បណ្ឌិតឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត(ស្លាប់) ស្នាក់នៅផ្ទះលេខ៥៦០ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ បើក​រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2A​-3504​ ​និងអ្នករួមដំណើរឈ្មោះ ជួន​ វ៉ាន់នី ភេទស្រី អាយុ២៩ឆ្នាំ នៅផ្ទះលេខ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ(ស្លាប់)។ ចំណែកម្ចាស់រថយន្ត​ហ៊ីយ៉ាន់ដាយឈ្មោះ ពៅ ម៉ៃ ភេទប្រុស អាយុ២១ឆ្នាំ(គេចខ្លួន) ស្នាក់នៅភូមិគោមមហា ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម​ បើករថយន្តក្បាលពណ៌សលាយខៀវ ស្លាកលេខភ្នំពេញ 3B​-7108។

មូលហេតុបង្កឡើងដោយរថយន្តហាយឡែនឌ័រ ​បែកកង់មុខពីខាងឆ្វេងទើបរ៉េចង្កូតទៅបុករថយន្តហ៊ីយ៉ាន់ដាយ ក្នុងបំណែកផ្លូវផ្ទុយទិសគ្នា បណ្តាលឲ្យភាគីរថយន្តបង្កស្លាប់២នាក់ភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ច​បាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក​សន្ទុក ដើម្បី​ចងក្រងសំណុំរឿង ដោះស្រាយតាមនីតិវិធីច្បាប់៕

​​

មតិយោបល់