ភ្នំពេញៈ នៅវេលាម៉ោង០១និង២០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាក Toyota Prius មួយគ្រឿង បើកបុកជាមួយនឹងរថយន្ត Toyota Prius មួយគ្រឿងទៀត ត្រង់ចំណុចស្តុបបែកជាបួន បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង ទីតាំងកន្លែងកើតហេតុ ត្រង់ចំណុចស្តុបម៉ាក្រូ ស្ថិតតាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុគេឃើញយុវជនម្នាក់ រួមនឹងយុវជនម្នាក់ទៀត បើករថយន្តម៉ាក Toyota Prius មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2BJ-6814 ធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ាំម៉ុងរិទ្ធី មានទិសដៅពីកើតទៅលិច ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុស្តុបបែកជាបួន ជ្រុលទៅបុកជាមួយនឹងរថយន្ត Toyota Prius មួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BO-5709 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ១០០៣ ទិសដៅពីជើងទៅត្បូង ចំពីចំហៀងផ្នែកខាងមុខខាងស្ដាំពេញទំហឹង បណ្តាលរថយន្តទាំងពីរគ្រឿងរងការខូចខាតទាំងសងខាងយ៉ាងដំណំ ។
នៅក្រោយពេលកើតហេតុ ភាគីទាំងពីរបានជជែកគ្នាយកត្រូវរៀងៗខ្លួន ។ ដោយភាគីខាងរថយន្ត Toyota Prius ពណ៌ស បានថាភាគីរថយន្ត Toyota Prius ពណ៌ស្ករនិយាយសំដីមិនសមរម្យ និងទារសំណងពីគាត់ ធ្វើឲ្យរូបគាត់ខឹងសម្បារ មិនចង់ធ្វើការដោះស្រាយ ទុកប្រគល់ជូនសមត្ថកិច្ច ។ ក្រោយមកខាងភាគីរថយន្ត Toyota Prius ពណ៌ស្ករប្រាប់ថា មិនបានប្រើពាក្យសំដីឈ្លើយនោះទេ រួចខំព្យាយាមធ្វើការសម្របសម្រួលជាមួយភាគីរថយន្តToyota Prius ពណ៌ស បន្តទៀត ។ អស់រយៈពេលជិត១ម៉ោង ទើបភាគីខាងរថយន្ត Toyota Prius ពណ៌ស ទាន់ចិត្តក៏ឲ្យខាងភាគីរថយន្តToyota Prius ពណ៌ស្ករសុំទោស រួចខាងភាគីរថយន្ត Toyota Prius ពណ៌ស្ករ ក៏យល់ព្រមលើកដៃសំពះសុំទោស ដើម្បីបញ្ចប់រឿង ៕
មតិយោបល់