ព័ត៌មានជាតិ

ចាប់បានច្រើនយ៉ាងនេះ មានទាំងកាំភ្លើង និងគ្រឿងញៀន!

ភ្នំពេញ: នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងសម្ថិតកិច្ចខចម្រុះណ្ឌពោធិសែនជ័យ ចាប់បានជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន ១៥នាក់ រួមទាំងអាវុធខ្លីមួយដើម នៅក្នុងផ្ទះសំណាក់ពេជ្រកែវមរកត ដែលមានទីតាំងស្ថិតនៅតាមផ្លូវ២០១១ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យ បានឲ្យដឹងថា ក្រោយពីស្រាវជ្រាវ តាមឃាត់ជនសង្ស័យ២នាក់ នៅត្រង់ចំណុចផ្លូវរថភ្លើង ភូមិតាងួន សង្កាត់កាកាប១រួច ក៏ឈានទៅដល់ការចាប់ជនសង្ស័យប្រុសស្រីបន្ថែមទៀត ដែលកំពុងសំងំលាក់ខ្លួនក្នុងផ្ទះសំណាក់ខាងលើ បានចំនួន១៤នាក់ ស្រី៦នាក់ ក្នុងនោះមានទាំងអ្នកគ្រប់គ្រងផ្ទះ រកឃើញអាវុធខ្លីមួយដើមផងដែរ ។

ប្រភពពីសមត្ថកិច្ច បាននិយាយថា ក្រោយពីទទួលបានបញ្ជាពីលោក អធិការខណ្ឌពោធិសែនជ័យ ជំរុញឲ្យកម្លាំងពាក់ព័ន្ធ តាមជំនាញឲ្យយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់ ការបង្ករាល់បទល្មើស ដែលកើតឡើងក្នុងមូលដ្ឋាន ដើម្បីធានាបាននូវសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ និងសង្គមនោះ ទើបកម្លាំងអន្តរាគមន៍ កម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍រដ្ឋបាល ដឹកនាំបញ្ជាផ្ទាល់ពី លោក យឹម សារ៉ាន់ បានស្រាវជ្រាវ និងបង្ក្រាបចាប់ជនសង្ស័យ ជួញដូរ គ្រឿងញៀន២នាក់ ត្រង់ចំណុចផ្លូវរថភ្លើង ភូមិតាងួន ហើយ ឈានទៅដល់ ច្បាមក្រសោប បក្ខពួកជនសង្ស័យបន្ថែមទៀត ដែលកំពុងសំងំលាក់ខ្លួន តាមបន្ទប់ផ្ទះសំណាក់ យ៉ីហោ ពេជ្រកែវមរកត ដោយរកឃើញកាំភ្លើងខ្លី ម៉ាក កា៥៤មួយដើម គ្រាប់ពេញបង់ និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត ។

ក្នុងប្រតិបត្តិការនៅក្នុងផ្ទះសំណាក់ខាងលើ ពិនិត្យជាក់ស្តែង ឃើញមានការប្រើប្រាស់ និងជួញដូរគ្រឿងញៀន រៀបជាប្រព័ន្ធជាស្រេច ដែលអ្នកចូលដេក(ភ្ញៀវ) ឃុបឃិតគ្នា យកទីតាំងផ្ទះខាងលើ ធ្វើជាទីកន្លែង ប្រមូលផ្តុំជក់ ប្រើប្រាស់ ចែកចាយ ។

ប្រភពដដែលបានបន្តថា ជនសង្ស័យម្នាក់ ឈ្មោះ ប៊ិច សុចថុន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កម្មករសំណង់ (មានលាក់អាវុធ) ស្នាក់នៅការដ្ឋានសំណង់ ភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

បច្ចុប្បន្នជនសង្ស័យទាំងអស់ រួមជាមួយវត្ថុតាង ត្រូវបាននគរបាលនាំយក ទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់