ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

តុលាការសម្រេចឃុំខ្លួនឧកញ៉ា ស៊ឹង ប៊ុណ្ណា ហើយនៅល្ងាចនេះ

ភ្នំពេញៈ ទីបំផុត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ឡុង កេសភារម្យ នៅវេលាម៉ោងប្រមាណ៦៖១៥នាទី ល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះ បានសម្រេចចេញដីកាឃុំខ្លួនលោកឧកញ៉ា ស៊ឹង ប៊ុណ្ណា ថៅកែក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ ប៊ុណ្ណា រៀលធីគ្រុប ជាបណ្តោះអាសន្ន ហើយបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ PJ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

អ្នកនាំពាក្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានឲ្យដឹងថា លោក ស៊ឹង ប៊ុណ្ណា ត្រូវបានលោក សេង ហ៊ាង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន យោងតាមមាត្រា២៣១ ច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តការទូទាត់សងប្រាក់។

លោក ស៊ឹង ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុន ប៊ុណ្ណា រៀលធីគ្រុប ដែលជាក្រុមហ៊ុនជំនាញខាងវាយតម្លៃអចលនទ្រព្យដ៏ល្បីនៅកម្ពុជា ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ឃាត់ខ្លួននៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១០ ខែមិថុនានេះ ពាក់ព័ន្ធនឹងករណីចេញមូលប្បទានប័ត្រ(សែក)គ្មានសាច់ប្រាក់ ចំនួន៤០ម៉ឺនដុល្លារ ទៅឲ្យដើមបណ្ដឹងឈ្មោះ កាវ ហ៊ុន។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោកទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរភ្លាមៗ។

ជុំវិញការឃាត់ខ្លួនលោក ស៊ឹង ប៊ុណ្ណា នៅពេលនេះ ត្រូវបានប្រពន្ធរបស់លោករៀបរាប់ថា នេះជាការលាបពណ៌ ដែលមានរឿងនៅពីក្រោយ។ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Sorn Somaly បានរៀបរាប់ថា “ការកសាងស្នាដៃជាច្រើនរបស់លោក ប៊ុណ្ណា បានបន្សល់ដល់កូនដល់ចៅ ទោះជាជាប់គុគ ក៏យើងព្រមទទួល ព្រោះគ្រប់យ៉ាងគេបានធ្វើរួចហើយ។ ពួកយើងមិនចេះលេងល្បែង បាបន យើងដឹងតែរក រកមិនទំនេល តើក្រុមហ៊ុនយើងអាចខាតទៅរួចទេ បើមិនមានរឿងពីក្រោយខ្នង? ការលាបពណ៌គឺជារឿងគួរឲ្យខ្លាចបំផុត។ ខ្ញុំចង់ប្រាប់ថា ពេលនេះ ខ្ញុំគ្មានអ្វីទៀតទេ ហើយខ្ញុំមិនមានប្រាក់សល់រាប់រយលានដូចអស់លោកគិតដែរ ផ្ទះសម្តែងរបស់ខ្ញុំបានបាត់អស់ហើយ ហើយខ្ញុំក៏មិនបន្ទោសអ្នកណាដែរ គឺមកពីភាពល្ងង់ខ្លៅ និងជឿជាក់លើអ្នកដ៏ទៃ ដោយគិតថា គេជាមនុស្សល្អដូចយើង!!!”

ហ្វេសប៊ុកដដែលនេះ ក៏បានបន្តឲ្យដឹងទៀតថា “ភាពស្មោះត្រង់ មិនបោកប្រាស់ មិនដែលចង់បានរបស់គេ មានតែចិញ្ចិម និង ផ្តល់កំណើតឲ្យគេដុះដាល តែអ្វីដែលបានត្រឡប់មកវិញ គឺកូនក្រពើ”

ហ្វេសប៊ុក Sorn Somaly ក៏បញ្ជាក់ផងដែរថា “ព្រឹកម៉ិញ ប្តីខ្ញុំបានដើរចេញពីក្រុមហ៊ុនឲ្យគេចាប់ខ្លួនដោយញញឹម លោកព្រមទទួលយកគ្រប់បញ្ហា ព្រោះលោកបានដឹងជាស្រេចហើយ អ្វីដែលជាបណ្តាំចុងក្រោយគឺ អូនត្រូវថែកូនឲ្យល្អ ទោះជាមានស៊ីអត់ស៊ី ប្រឹងរកដោយសុច្ចរិត បងមិនអីទេ ថែខ្លួនលេបថ្នាំឲ្យទៀងទាត់។ ក្រុមហ៊ុនមួយដែលធ្លាប់ជួយសង្គមខាងផ្នែកដីធ្លី នៅស្រុកខ្មែរ ក្រុមហ៊ុនដែលបណ្តុះបណ្តាលមនុស្សរាប់រយពាន់នាក់ឲ្យក្លាយជាអ្នកចេះរកស៊ី ក្រុមហ៊ុនដែលជួយមនុស្សជាច្រើនឲ្យក្លាយជាមហាសេដ្ឋី ក្រុមហ៊ុនដែលវាយតំលៃដីធ្លីមិនស៊ីសំណូក”

មតិយោបល់