ព័ត៌មានជាតិ

រថយន្តដឹកអ្នកដំណើរក្រុមហ៊ុនអូឡាំពិច ងងុយដេក រេចង្កូតបុកហ៊ីយ៉ាន់ដាយ ស្លាប់និងរបួស២នាក់!

កំពង់ធំ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រថយន្ត២គ្រឿងបុកគ្នាពេញទំហឹង ក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យស្លាប់និងរបួស២នាក់។
ហេតុការណ៍កើតឡើងនៅថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៤និង២០ នាទីទៀបភ្លឺ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១២២-១២៣ ភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

រថយន្តដឹកអ្នកដំណើរ៤៥កៅអី របស់ក្រុមហ៊ុនអូឡាំពិច ពណ៌ស ខៀវ ស្លាកលេខភ្នំពេញ3B.9753(ទិសដៅពីជើងទៅត្បូង)បើកបរដោយឈ្មោះ ផលយ៉ាត ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិត្រពាំងចំបក់ ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង (ស្លាប់នៅកន្លែងកើតហេតុ)។
រថយន្ត រថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ(បើកបរទិសដៅពីត្បូងទៅជើង) អ្នកបើកបរឈ្មោះ ហុត ជីវា ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិត្រពាំងត្មាត ឃុំស្រម័រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម(របួសស្រាល)។

មូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបររថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនអូឡាំពិច ស្លាកលេខភ្នំពេញ3B.9753 បើកបរក្នុងស្ថានភាពងងុយដេក ហើយរេចង្កូតទៅបុករថយន្តកំពុងធ្វើចរាចរក្នុងចំណែកផ្លូវបញ្ច្រាសទិស។

ករណីនេះសមត្ថកិច្ចជំនាញកំពុងចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់។ ចំពោះវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍៕

មតិយោបល់