ភ្នំពេញៈ យុវជនម្នាក់ដេកសន្លប់នៅតាមផ្លូវហើយមានឈាមប្រឡាក់នៅជាប់អាវទៀតទើបគេសន្និដ្ឋានថាបែកថ្នាំ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ ប្រទះឃើញយុវជនម្នាក់សង្ស័យបែកថ្នាំ ក្នុងស្ថានភាពរបួសបែកក្បាលហូរឈាមកក្លាក់ ប្រឡាក់ពេញខ្លួនមិនដឹងថារងរបួសដោយសារអ្វី ប្រទះឃើញដេកសន្លប់នៅតាមចិញ្ចើមផ្លូវបេតុង ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសបែកថ្នាំខាងលើ មិនស្គាល់អត្តសញ្ញាណឡើយ មានអាយុជាង២០ឆ្នាំ ដេកសន្លប់ឈឹងនៅលើចិញ្ចើមផ្លូវ។
តាមប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា បុរសខាងលើគេឃើញដើរតាមផ្លូវ តាំងពីយប់ថ្ងៃទី០៦ ខែមករា មកម្លេះដើរទៅដើរមក ហាក់បូចដូចជាមនុស្សបែក ញៀនថ្នាំ កន្រ្តាក់ដៃជើង ញាក់ញ័រ ទទ្រើកតាមផ្លូវបេតុងខាងលើ លុះនៅព្រលឹមថ្ងៃទី០៧ បែរជាប្រទះឃើញ ជនរងគ្រោះបែកក្បាលហូរឈាមដោយមិនដឹងមូលហេតុបែបនេះទៅវិញ។
ក្រោយពីប្រទះឃើញជនរងគ្រោះ ក្នុងសភាពបែកក្បាលដេកសន្លប់តាមផ្លូវ ពលរដ្ឋរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ដើម្បីយកជនរងគ្រោះទៅព្យាបាលរបួសនៅមន្ទីរពេទ្យផងដែរ៕
មតិយោបល់