ព័ត៌មានជាតិ

ស្រវឹង​បើក​ម៉ូតូ​មិន​មើល​មុខ​ទៅ​បុក​រថយន្ត​ហា​យឡេន​ដ័រ​ដួល​បោកក្បាល​និង​ថ្នល់​សន្លប់​របួសធ្ងន់​

កំពង់ឆ្នាំង​៖​ ​បុរស​ម្នាក់​បាន​សន្លប់​និង​របួស​ធ្ងន់ធ្ងរ ក្រោយពី​រូបគេ​បាន​បើក​ម៉ូតូ​យ៉ាង​លឿន​ក្នុង​ភាពស្រវឹង​មិនបាន​មើល​ទៅ​មុខ ក៍​បាន​បុក​រថយន្ត​ហា​យឡេន​ដ័រ​បោកក្បាល​នឹងថ្នល់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៤ លើ​ផ្លូវ​កៅស៊ូ​ក្នុង​ភូមិ​ចំការ​តា​ម៉ៅ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​។​
​ ​នគរបាល​ចរាចរណ៍​ស្រុក​រលាប្អៀរ​បានអោយដឹង​ថា​៖​ជនរងគ្រោះ​នោះ​ឈ្មោះ ជាង សារី អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​។​

​សាក្សី​នៅ​កន្លែង​គ្រោះថ្នាក់​បាន​ឃើញ​ហេតុការណ៍​នេះ​បានអោយដឹងថា​៖ មុនពេល​កើតហេតុ​គេ​បាន​ឃើញ ជនរងគ្រោះ​បាន​បើក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1C-7270 បើកបរ​ពី​ទិស​ខាងលិច​ទៅ​កើត ចេញពី​ផ្ទះ​ខ្លួន​បំរុង​ទៅ​ផ្សារ ខណៈ​មក​ដល់​ចំណុចកើតហេតុ គេ​ក៍បាន​ងាក​មើល​ខាងស្តាំ​ដៃ ដោយ​មិន​បាន​មើល​ផ្លូវ​ខាងមុខ​ឡើយ ហើយ​ក៍​បាន​ទៅបុក​ចំ​ចង្កៀង​និង​កង់​ខាងឆ្វេង​រថយន្ត​ហា​យឡេន​ដ័រ​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AA-1563 ដែល​កំពុង​បើក​ច្រាស់ទិស​គ្នា​ក្នុង​ល្បឿន​យឺត បណ្តាល​អោយ​បុរស​រងគ្រោះ​ខ្ទាត​ផ្លោង​ឡើង​លើ ហើយ​ធ្លាក់​បោក​ក្បាល​នឹង​ថ្នល់​សន្លប់ និង​រងរបួស​ធ្ងន់ធ្ង​រ​។​

​ ​ក្រោយពេល​កើតហេតុ អ្នក​ស្គាល់គ្នា​បាន​ដឹក​បុរស​នោះ យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង ដើម្បី​អោយ​ក្រុម​គ្រូពេទ្យ​ជួយសង្គ្រោះ​ព្យាបាល នៅក្នុង​ហេតុការណ៍​នេះ​គេ​ឃើញ​ម្ចាស់​រថយន្ត​ហា​យឡេន​ដ័រមិន​បាន​បើករថយ​ន្ត​គេច​ទៅ​ណា​ឡើយ​។​
​ ​អ្នកឃើញ​ហេតុការណ៍​រង់ចាំ​មើល ថា​តើ​សមត្ថកិច្ច​នគរបាល​ច​រាចរ​ណ៍ ដោះស្រាយ​របៀប​ណា ខណៈ​អ្នកបង្ក​បាន​បើក​ម៉ូតូ​មាន​ល្បឿន​លឿន ហើយ​បាន​ទៅ​បុក​រថយន្ត​គេ​នៅ​ខាងឆ្វេង​ដៃ​ខ្លួន ក្នុង​ភាពស្រវឹង​ទៀតផង​។​ប្រជាពលរដ្ឋ​នៅ​កន្លែង​នោះ​បាន​សំណូមពរ​ផងដែរ​ដល់​លោក​ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត មេត្តា​ជួយ​ពិនិត្យមើល​ដី​ដែល ទឹកភ្លៀង​បាន​ហូរ​គ្រប​លើ​ចំណែក​ថ្នល់​មួយ​ចំហៀង​ទៅ​ហើយ​នោះ ករណី​នេះ​ក៍​អាច​បង្ក​ជា​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​ផងដែរ​។

​ដោយឡែក​នៅក្នុង​ល្ងាច​ថ្ងៃ​ដ​ដែរ​នេះ ក៏​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយទៀត​បាន​កើតឡើង​នៅវេលា​ម៉ោង​៥​និង​០៥​នាទី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៤​ទៀត​ដែរ នៅ​ចំណុច​បឹង​កៅ ស្ថិតក្នុង​ភូមិ​ក្រាំង​តា​មុំ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង រវាង​ម៉ូតូ​និង​រថយន្ត​បុក​គ្នា បាន​បង្ក​អោយ​មនុស្ស​៣​នាក់ រងរបួស​ធ្ងន់​៕
Dangerous

មតិយោបល់