ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាក បុកម៉ូតូពីក្រោយ របួសធ្ងន់២នាក់ រួចរត់បាត់!

ភ្នំពេញ: បុរស២នាក់បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវរថយន្តមិនស្គាល់មួយម៉ាកមួយគ្រឿង បើកបុកពីក្រោយពេញទំហឹង រួចរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង២និង១០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចខាងត្បូងវត្តសំរោងអណ្តែត ប្រមាណជាង២០០ម៉ែត្រ តាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញបុរស២នាក់ ជិះម៉ុតូមួយគ្រឿងម៉ាកស្តុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FZ-3735 ជិះពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកបើកមកពីក្រោយបុកពេញទំហឹង បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលសង្កាត់ភ្នំពេញថ្មី រង់ចាំសាច់ញាតិមកទទួលយកត្រឡប់ទៅផ្ទះវិញ៕

មតិយោបល់