ព័ត៌មានជាតិ

CRV ពន្លះរបងសាលាខេត្តកណ្តាល ខ្ទេចអស់១ផ្ទាំងធំ!

កណ្តាល: បុរសម្នាក់បើករថយន្តម៉ាក CRVមួយគ្រឿង ពណ៌ទឹកប្រាក់ ក្នុងល្បឿនលឿនពេក ក៏រ៉េចង្កូតទៅបុករបងសាលាខេត្តកណ្តាលពេញទំហឹង បណ្តាលឲ្យខ្ទេចអស់ចំនួនមួយផ្ទាំង រីឯរថយន្តវិញរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង១ យប់ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តម៉ាក CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2J-6841 បើកបរទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរ៉េចង្កូតទៅបុករបងសាលាខេត្តកណ្តាលបណ្តាលឲ្យខ្ទេចអស់១ផ្ទាំងធំ រថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង និងផ្ទុះពោងសុវត្ថិភាពចំនួន២ ហើយតៃកុងរថយន្តក៏បានរត់គេចខ្លួនបាត់ស្រមោលឈឹង និងមានបុរសម្នាក់ស្លៀកខោប៉ារ៉ាជិះម៉ូតូឌ្រីមសង់ពាក់ស្លាកលេខ កណ្តាល 1L-6922 មកយកអីវ៉ាន់ក្នុងរថយន្តហើយជិះទៅបាត់ (សង្ស័យតែម្ចាស់រថយន្ត) ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុទាក់ទងទៅសមត្ថកិច្ចក្រុងតាខ្មៅឲ្យមកធ្វើការវាស់វែងស្ទូចយករថយន្តទៅរក្សាទុកនិងរង់ចាំម្ចាស់រថយន្តចូលរួមមកដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់