ភ្នំពេញ: សំណង់វិឡារនៅក្នុងភូមិគ្រឹះមួយកន្លែង ត្រូវបានអាជ្ញាធរខណ្ឌឫស្សីកែវ ប្រើកម្លាំងចុះទៅផ្អាក និងដកហូតយកសម្ភារៈមួយចំនួន បន្ទាប់ពីសំណង់នោះ ត្រូវបានអាជ្ញាធរអះអាងថា សាងសង់ដោយអត់ច្បាប់ បើទោះចុះហាមឃាត់ជាច្រើនលើក មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ។
វិធានការទប់ស្កាត់របស់អាជ្ញាធរខាងលើ ធ្វើឡើងកាលពីវេលាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចសំណង់វិឡាក្នុងភូមិគ្រឹះ ស្ថិតនៅភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជាមួយគ្នានោះកន្លងមកអាជ្ញាធរអះអាងថា ធ្លាប់ចុះផ្អាកការសាងសង់ ព្រមទាំងណែនាំឲ្យម្ចាស់ទៅសុំច្បាប់អនុញ្ញាត ឲ្យបានត្រឹមត្រូវតែម្ចាស់ មិនស្តាប់តាមការណែនាំ នៅតែបន្តសាងសង់រហូតជិតរួចរាល់ ដោយអត់ច្បាប់ ទើបអាជ្ញាធរចុះទៅដកហូតសម្ភារៈតែម្ដង។
ក្នុងការចុះផ្អាកនោះអាជ្ញាធរ បានដកហូតសម្ភារៈរួមមាន៖ ម៉ូទ័របុក, ម៉ូទ័រកាត់ប៉ែល ,ការ៉ូ ,ទុយយោ ,ខ្សែភ្លើង ព្រមទាំងសម្ភារៈមួយចំនួនទៀត ហើយប្រមូលដាក់តាមរថយន្ត បញ្ជូនទៅកាន់សាលាខណ្ឌឫស្សីកែវ ព្រមទាំងណែនាំឲ្យម្ចាស់ និងមេការសំណង់បញ្ឈប់ការសាងសង់បន្តទៀត រង់ចាំសុំច្បាប់ឲ្យបានត្រឹមត្រូវ៕
មតិយោបល់