ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យ៣នាក់ទៅតុលាការ ពាក់ព័ន្ធករណីលួចម៉ូតូ

ភ្នំពេញៈ កាលវេលាម៉ោងប្រហែល១១ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានធ្វើការល្បាតក្នុងភូមិសាស្រ្តសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បានឃើញមនុស្សប្រុសស្រី២នាក់ កំពុង ដោះដូរស្លាកលេខម៉ូតូ ដោយមានការសង្ស័យកម្លាំងយើង ក៏ធ្វើការឃាត់ ដើម្បីត្រួតពិនិត្យម៉ូតូឃើញពុំមានឯកសារគ្រប់គ្រាន់ ក៏ឃាត់ខ្លួន ដើម្បីធ្វើការសាកសួរ។

ក្រោយពីសាកសួរជនសង្ស័យបានសារភាពថា ខ្លួនបានលួចម៉ូតូ១គ្រឿងម៉ាក Suzuki smah Revo ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FE-3258 នៅចំណុចដីឡូត៏ ផ្លូវលំមាត់ទន្លេ ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រហែល៩និង៣០នាទីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦។

បន្ទាប់ពីការសាកសួរយើងបន្តឃាត់ខ្លួនជនសង្ស័យ១នាក់ទៀត សរុបទាំងអស់៣នាក់ ទី១ឈ្មោះ សឿន រាត្រី ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅភូមិគ្រួស សង្កាត់សំរោងក្រោម ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។ ទី២ឈ្មោះ អ៊ុ សុខជាតិ ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិគ្រួស សង្កាត់សំរោងក្រោម ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ទី៣ឈ្មោះ គឹម ស្រីស្រស់ ភេទស្រី អាយុ៣៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិគ្រួស សង្កាត់សំរោងក្រោម ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ។

ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ អោក វុទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងសំណង់ ទីលំនៅបច្ចុប្បន្នភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៣ខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាង៖ម៉ូតូចំនួន៣គ្រឿង ម៉ូតូទី១.ម៉ាកC-125 ស៊េរី 2016 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FW-2171 (ម៉ូតូជិះធ្វើសកម្មភាព) ទី២.ម៉ាក Smash Revo ស៊េរី2015 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FE-3258 (ម៉ូតូជនរងគ្រោះ) ទី៣.ម៉ាក វ៉េវ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1AV-3922 (ម៉ូតូជនរងគ្រោះ) ដែកចុងស្រួចសម្រាប់ចាក់បំបែកគ្រាប់សោរម៉ូតូចំនួន៥ និងសោរទីបចំនួន២។

ដោយមានការឯកភាពពីលោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ម៉ូតូ0ម៉ាកsmash Revo បានប្រគល់ឲ្យទៅជនរងគ្រោះវិញ។ ចំណែកម៉ូតូ១គ្រឿងម៉ាកវ៉េវ ពណ៌ស កម្លាំងការិយាល័យយកមករក្សាទុក ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានកម្លាំងការិយាល័យបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់