ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រំលោភម្ដងមិនទាន់ទូទាត់ទោសផង ចាប់ក្មេងស្រីរំលោភម្ដងទៀត ទើបត្រូវប៉ូលិសចាប់ខ្លួន

ភ្នំពេញ: ជនសង្ស័យម្នាក់ ដែលមានដីកាបង្គាប់ឲ្យចាប់ខ្លួនពីតុលាការ ពាក់ព័ន្ធករណីរំលោភសេពសន្ថវ:តាំងពីឆ្នាំ២០១២ហើយនោះ មកដល់ឆ្នាំ២០១៦នេះ បានធ្វើសកម្មភាពចាប់ក្មេងស្រីរស់នៅក្នុងភូមិជាមួយគ្នា អាយុ៨ឆ្នាំម្នាក់ផ្សេងទៀត រំលោភនៅក្នុងព្រៃចេករហូតបានសម្រេច ហើយគេចខ្លួនបាន៦ថ្ងៃទៀត។ យ៉ាងណាមិញ ជនសង្ស័យរូបនេះ មិនអាចរត់គេចពីសំណាញ់ច្បាប់បានរហូតនោះឡើយ ដែលត្រូវបាននគរបាលចាប់ខ្លួនបាន កាលពីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលខណ្ឌច្បារអំពៅ បានប្រាប់ Post News នៅរសៀលថ្ងៃទី១១ ខែមិថុនានេះថា ជនសង្ស័យឈ្មោះ មាស ផានិត ហៅ និត ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះ១១៦ ក្រុមទី៣ ក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភសេពសន្ថវ:លើអនីតិជន (ក្រោមអាយុ១៥ឆ្នាំ) កាលពីវេលាម៉ោង៥រសៀល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចព្រៃចេក ខាងក្រោយផ្ទះគ្មានលេខ ផ្លូវលំ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ លើកុមារីរងគ្រោះឈ្មោះ ផេង សុផានិត អាយុ៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ក្នុងភូមិឃុំកើតហេតុជាមួយជនសង្ស័យ។

មន្ត្រីនគរបាល បញ្ជាក់ថា នៅមុនពេលកើតហេតុ កុមារីរងគ្រោះបានទៅហៅបងប្រុសនៅចុងភូមិ រួចបងប្រុសក៏បានដេញកុមារីរងគ្រោះឲ្យត្រឡប់មកផ្ទះមុន។ លុះពេលកុមារីរងគ្រោះដើរមកដល់មុខផ្ទះកើតហេតុខាងលើ ស្រាប់តែជនសង្ស័យ មាស សុផានិត បានចាប់ទាញដៃនាង រួចខ្ទប់មាត់អូសចូលទៅព្រៃចេកខាង ក្រោយផ្ទះ ធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេចម្ដង ហើយគេចខ្លួនបាត់។ ចំណែកកុមារីរងគ្រោះ ក៏បានរត់មកប្រាប់ម្តាយ រួចម្ដាយនាំមកដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចប៉ុស្តិ៍និរោធ ហើយបញ្ជូននាងទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ។ នគរបាលបន្តថា លុះដល់វេលាម៉ោង៩យប់ ថ្ងៃទី១០ ខែមិថុនានេះ ទើបនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចភូមិឃុំកើតហេតុខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី។

បើតាមមន្ត្រីនគរបាល បានបញ្ជាក់បន្ថែមថា ជនសង្ស័យ មាស ផានិត ធ្លាប់មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១៨៩ ត ព្រ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ ដោយលោក កោ វណ្ឌី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយ:ពេល៧ឆ្នាំ ពីបទរំលោភសេពសន្ថវ:មានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ ប្រព្រឹត្តនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌមានជ័យ កាលពីថ្ងៃទី២៥ ខែកក្ដដា ឆ្នាំ២០១២ផងដែរ៕

មតិយោបល់