ព័ត៌មានជាតិ

ប្រមុខប្រទេសមហាអំណាចមកទស្សនកិច្ចនៅកម្ពុជាសប្ដាហ៍ក្រោយ

ភ្នំពេញៈ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង គ្រោងនឹងមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជារយៈពេល៣ថ្ងៃ នៅសប្តាហ៍ក្រោយ គឺចាប់ពីថ្ងៃទី១៣ ដល់១៥ ខែតុលា ឆ្នាំ២០១៦ ដើម្បីពង្រឹងនិង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចរបស់មេដឹកនាំកំពូលនៃប្រទេសចិននៅកម្ពុជានេះ បានឲ្យដឹងតាមរយៈអនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន និងជាស្នងការ នគរបាលក្រុងប៉េកាំង លោក វ៉ាង សៀហុង(Wang Xiaohong) នៅគ្រាដែលោកមកបំពេញទស្សនកិច្ចនាពេលកន្លងមកក្នុងប្រទេសកម្ពុជា។

លោក វ៉ាង សៀហុង (Wang Xiaohong) ក្នុងដំណើរជួបសម្តែងការគួរសមចំពោះសម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២៧ កញ្ញា កន្លងទៅនេះ បានបញ្ជាក់ថា គោលបំណងនៃទស្សនកិច្ចរបស់មេដឹកនាំកំពូលរបស់ប្រទេសចិន គឺដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រទេសទាំងពីរ។

សូមបញ្ជាក់ដែរថា ប្រទេសចិន ត្រូវបានគេសង្កេតឃើញថា ជាប្រទេសដែលគាំទ្រដ៏ខ្លាំងក្លាដល់រដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៧មកម៉្លេះ នៅគ្រាដែលប្រទេសមហាអំណាចមួយនេះ បានគាំទ្រជាអន្តរជាតិនូវបុព្វហេតុកម្ពុជាក្នុងការអនុវត្តនយោបាយ ឈ្នះៗបំបាត់សង្គ្រាមស៊ីវិល។ ចាប់តាំងពីពេលនោះមកប្រទេសចិនបានក្លាយជាដៃគូដ៏សំខាន់ ក្នុងការ ជួយកម្ពុជា កសាងហេដ្ឋារចនាសម្ព័ន្ធ និងការជួយជំរុញកម្ពុជាលើការអភិវឌ្ឍន៍ជាតិយ៉ាង ឆាប់រហ័សផងដែរ។

នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី៦ តុលានេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លោកប្រធានាធិបតីចិន ស៊ីជីនពីង នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយកិច្ចព្រមព្រៀងមិនតិចជាង២៨ នឹងត្រូវចុះហត្ថលេខា។

សម្តេចតេជោ ហ៊ុន សែន បានរំឭកថា កិច្ចព្រមព្រៀងទាំងអស់នេះ បានធ្វើឡើងបន្ទាប់ពីសម្តេចបានទៅបំពេញទស្សនកិច្ច នៅប្រទេសចិនកាលពីឆ្នាំ២០០៤។ សម្តេចតេជោថា កិច្ចព្រមព្រៀងទាំងអស់នោះ នឹងមានការផ្តោតជាសំខាន់សម្រាប់ការបើកច្រកទំនិញ កសិផលកម្ពុជាទៅក្នុងប្រទេសចិន ក៏ដូចជា ការទាញយកអ្នកទេសចរចិនមកកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា នៅក្នុងអំឡុងខែតុលានេះ ក៏នឹងមានរដ្ឋមន្រ្តីរបស់ប្រទេសអង់គ្លេសមកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ។ នៅក្នុងដំណើរទស្សនកិច្ចនេះ សម្តេចនឹងចរចាទៅលើការនាំចេញរបស់កម្ពុជា ដែលពីមុនកម្ពុជានាំចូលទៅអង់គ្លេសក្រោមរបបពាណិជ្ជកម្មអឺរ៉ុប។ ដូច្នេះសម្តេច ត្រូវចរចាជាមួយអង់គ្លេសនៅក្រោមរបបអង់គ្លេសទៀតឬយ៉ាងណា? ហើយនៅផ្តល់ការអនុគ្រោះដូចនៅក្នុងអឺរ៉ុបទៀតឬយ៉ាងណា? បើតាមសម្តេចការនាំចេញរបស់កម្ពុជា ទៅកាន់អង់គ្លេស មានរហូតដល់ជាង ៨លានដុល្លារអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីរក្សាស្ថេរភាព និងជំរុញកំណើន នៃការនាំចេញរបស់កម្ពុជានោះ គឺត្រូវតែប្រឹងប្រែងរក្សានូវទីផ្សារចាស់ ហើយក៏ត្រូវពង្រីកទីផ្សារថ្មីទៅកាន់ប្រទេសផ្សេងៗទៀត៕

fn-2016-10-04-09-33-16-0downloadfn-2016-10-04-09-34-15-0

មតិយោបល់