ព័ត៌មានជាតិ

តុលាការឃុំខ្លួន ក្រុមជួញដូរគ្រឿងញៀនប្រុសស្រី ៤នាក់ ដាក់ពន្ធនាគារ

កណ្តាល: នៅល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ លោក គឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ក្រុមជួញដូរគ្រឿងញៀនប្រុស ស្រី ៤នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទជួញដូរសារធាតុញៀនខុសច្បាប់ តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដែលប្រព្រឹត្តនៅ ភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨។

ជនសង្ស័យទី១.ឈ្មោះ ញ៉ុន សំណាត ភេទ ប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅបច្ចុប្បន្ន នៅភូមិ ត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ទី២.ឈ្មោះ ស៊ិន ចំណាត់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ទីលំនៅបច្ចុប្បន្ន នៅភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួក ខេត្តកណ្តាល ទី៣.ឈ្មោះ ឡឹម រ៉ាវី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងធ្វើសំណង់ ទីលំនៅបច្ចុប្បន្ន ភូមិខ្នា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល និងធ្លាប់ជាប់ពន្ធនាគារជាង១ឆ្នាំ និងទី៤.ឈ្មោះ ប៉េង សុភស្ត័ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នស្នាក់ នៅភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្រ ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា ក្រុមជួញដូរគ្រឿងញៀនទាំង៤នាក់ ត្រូវនគរបាលស្រុកអង្គស្នួល ដឹកនាំដោយលោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួល សហការជាមួយប៉ុស្តិ៍រដ្ឋបាល ធ្វើការចុះបង្ក្រាបបានភ្លាមៗ ខណៈក្រុមនោះ កំពុងរៀបចំចែកចាយ និងប្រើប្រាស់។

ហេតុការណ៍ឃាត់ខ្លួននេះ នៅថ្ងៃអាទិត្យ៦រោច ខែបុស្ស ឆ្នាំរកា នព្វសក័ព.ស២៥៦១ ត្រូវថ្ងៃទី៧ខែ មករា ឆ្នាំ២០១៨ វេលាម៉ោង ២ និង៣០នាទីរសៀល ត្រង់ចំណុចភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។

វត្ថុតាងចាប់បានរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យថា ជាសារធាតុញៀនចំនួន ៣កញ្ចប់ (ធំ១កញ្ចប់ មធ្យម១កញ្ចប់ និងតូច១កញ្ចប់) ទូរសព្ឌ័ដៃ១គ្រឿង ម៉ាកអិនចុចពិល ពណ៌ខៀវ ថង់សម្រាប់វេចខ្ចប់ថ្នាំញៀន និងឧបករណ៏ប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានតុលាការ សម្រេចដាក់ពន្ធនាគារជាបណ្ដោះអាសន្ន៕

មតិយោបល់