ត្បូងឃ្មុំៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានក្រុមជនសង្ស័យ ជាក្រុមអន្ធពល បានធ្វើសកម្មភាពព្រួតវាយប្រហារទៅលើភាគីជនរងគ្រោះ ដែលមានទារិកាអាយុ៩ខែក្នុងដៃ បណ្តាលឲ្យត្រូវចំក្បាល ស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគុន្ធបុប្ផា ។
ករណីនេះកើតឡើងនៅម៉ោង៦និង៣០នាទី យប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិបឹងកំបោរ ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចបានបញ្ជាក់ថា ដំបូងឡើង ក្រុមជនសង្ស័យខាងលើ បានមានទំនាស់ជាមួយក្រុមមនុស្សចាស់ ដែលភាគីជនរងគ្រោះ លុះដល់ថ្ងៃកើតហេតុ ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូមួយគ្រឿង ឌុបគ្នា៤នាក់ ក្នុងនោះមានទារិកាអាយុ៩ខែម្នាក់ដាក់លើភ្លៅ ក្នុងបំណងទៅមើលគេប្រគុំតន្ត្រី ស្រាប់តែត្រូវក្រុមជនសង្ស័យខាងលើនេះ មានគ្នា៣នាក់ ប្រដាប់ដោយព្រនង់ឬស្សី ស្ទាក់វាយសំពងទៅលើភាគីជនរងគ្រោះ តែមិនត្រូវមនុស្សចាស់ បែរជាត្រូវចំទារិកាតូច បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគុន្ធបុប្ផា តែអកុសលនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ក៏ស្លាប់ទៅហើយ ។
ចំណែកជនដៃដល់ខាងលើវិញ ត្រូវបានសមត្ថកិច្ចបើកការស្រាវជ្រាវ ចាប់ខ្លួនបានចំនួន២នាក់ ចំណែកម្នាក់ទៀតកំពុងរត់គេចខ្លួនបាត់ស្រមោល៕
មតិយោបល់