ព័ត៌មានសិល្បៈ និងកម្សាន្ត

(មានវីដេអូ) ៖ កម្សត់ម្ល៉េះ! MV ក្ដៅៗ! សុគន្ធ ដេវីដ

ទើបតែដាក់បង្ហោះនៅលើផេកផ្ទាល់ខ្លួន និងលើយូធូប បានត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ តែគេកត់សម្គាល់ថា MV ក្ដៅៗក្រោមចំណងជើងថា«មនុស្សក្នុងបេះដូងបងគឺអូន» មានអ្នកចែកចាយ និងចូលទស្សនាយ៉ាងច្រើន។ អ្វីដែលគេបានឃើញ គឺសាច់រឿងនៅក្នុងបទចម្រៀងនេះ មានលក្ខណ:ជាស្នេហាស៊ីជម្រៅ ហើយកម្សត់ចង់ស្រក់ទឹកភ្នែកតាម ជាពិសេសសម្រាប់អ្នកមានស្នេហាតស៊ូ គឺពិតជាទប់ទឹកភ្នែកមិនបាន។

MV ដែលបានចេញបង្ហោះនេះ គឺជាលើកទី១ ដែលតារាចម្រៀង លោក សុគន្ធ ដេវីត មានឱកាសបានសម្ដែងជាមួយតារាសម្ដែងខុសជំនាន់ គឺអ្នកនាងមាស សម្ផស្ស ខណ:ដែលអ្នកទាំង២សម្ដែងបានស៊ីសង្វាក់គ្នាយ៉ាងខ្លាំង នៅក្នុងបទចម្រៀងទាំងមូល។
បទចម្រៀងក្រោមចំណងជើងថា«មនុស្សក្នុងបេះដូងបងគឺអូន» ត្រូវអ្នកទស្សនាភាគច្រើនសរសើរថាមានសាច់រឿងទាក់ចិត្ត ហើយលោក សុគន្ធ ដេវីដ ដែលជាម្ចាស់បទ ក៏សម្ដែងបានល្អណាស់ដែរ បើធៀបនឹងពេលដែលលោកបានសម្ដែងក្នុងបទចម្រៀងផ្ទាល់ខ្លួនមុនៗ។ វីដេអូនៅក្នុងបទនេះ ស្ទើរតែទប់ទឹកភ្នែកមិនបាន ដោយសារតែតួអង្គប្រុសបានក្លាយជាជនរងគ្រោះព្រោះតែជំងឺធ្ងន់ធ្ងរបំបែកលោកពីនារីដែលលោកស្រឡាញ់ ហើយលោកប្រឹងលាក់រហូតដល់កម្រិតសង្គ្រោះលែងបាន។ យ៉ាងណាមិញ គេមិនទាន់ដឹងថាMV ដែលទើបតែចេញបង្ហោះក្ដៅៗនេះ នៅមិនទាន់ប្រាកដថានឹងជោគជ័យកម្រិតណានោះទេ បើទោះជាក្រោយបង្ហោះបានប៉ុន្មានម៉ោង ត្រូវគេកត់សម្គាល់ថាមានអ្នកចាប់អារម្មណ៍មិនធម្មតា។

ប៉ុន្តែផ្អែកតាមទស្សន:ពីម្ចាស់បទចម្រៀងគឺលោកជឿជាក់ចំពោះសាច់រឿង និងអត្ថន័យរបស់បទនេះ បន្ទាប់ពីបទ«មនុស្សក្នុងបេះដូងបងគឺអូន» បានក្លាយជាបទបុកត្រូវអារម្មណ៍យុវវ័យតាំងពីមិនទាន់ចេញជាMV រួចទៅហើយ។

លោក សុគន្ធ ដេវីដ និយាយថា លោកមានអារម្មណ៍រំភើបចិត្ត ដែលMV បទនេះ ទើបតែបានដាក់បង្ហោះបានមិនដល់ប៉ុន្មានម៉ោងទេ ប៉ុន្តែមានអ្នកគាំទ្រមិនធម្មតា ដោយមានអ្នកឆាតមកសរសើរធ្វើឲ្យលោកកាន់តែមានកម្លាំងចិត្តនោះផង។

លោកថាបទចម្រៀងមួយនេះ ត្រូវបានសម្រិតសម្រាំងសាច់រឿង ហើយលោកក៏សរសើរចំពោះតារាស្រីអ្នកនាងមាស សម្ផស្ស ផងដែរ ដែលបានចាប់ដៃសម្ដែងជាមួយលោកបានស៊ីសង្វាក់ រហូតធ្វើសាច់រឿងនៅក្នុងបទចម្រៀង ក្លាយជាឈុតឆាកស្នេហាកម្សត់ ហើយមានការចាប់អារម្មណ៍តាំងពីបានដាក់បង្ហោះភ្លាមៗ។ លោកជំរុញឲ្យគាំទ្រស្នាដៃដែលលោកផលិតឡើង ដោយក្នុងពេលដ៏ខ្លីលោកក៏ត្រៀមបញ្ចេញបទថ្មី និងMV ដែលមានសាច់រឿងជក់ចិត្តជាងនេះផងដែរ បន្ទាប់ពីបទចម្រៀងច្រើនបទរបស់លោក ក៏ទទួលបានជោគជ័យរួចទៅហើយ៕

មតិយោបល់