ព័ត៌មានសុខភាព

កត្តា៥ចំណុច ធ្វើឲ្យអ្នកប្រឈមនឹងជំងឺមហារីកស្បែកខ្លាំងបំផុត

មហារីកស្បែក គឺជាជំងឺមួយប្រភេទស្ថិតនៅក្នុងចំណោមជំងឺមហារីកជាច្រើន ដែលបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ឬបាត់បង់ជីវិតប្រសិនបើឈានដល់ដំណាក់កាលចុងក្រោយ។

ជំងឺមហារីកស្បែក មានសមត្ថភាពធ្វើការផ្លាស់ប្តូរ DNA កោសិកាមិនអោយមានការលូតលាស់ និងបង្កើតកោសិកាមហារីកឡើងមក។ DNA នៃកោសិកាស្បែកត្រូវបានបំផ្លាញដោយសារតែការប៉ះពាល់ទៅនឹងពន្លឺកាំរស្មី UV ដែលត្រូវបានគេរកឃើញនៅលើព្រះអាទិត្យ ឬជាតិវិទ្យុសកម្ម។ ដូច្នេះហើយ អ្នកគួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសអ្នកដែលស្ថិតនៅក្នុងស្ថានភាពទាំង ៥ចំណុចដូចខាងក្រោម៖

១.ស្បែកផលិតជាតិមេឡានីនតិចពេក
ការបង្កើតជាតិពណ៌មេឡានីននៅលើស្បែកតិចពេក សមត្ថភាពនៃការការពារពីកាំរស្មិ UV ក៏មានតិចដែរ។ ការស្រាវជ្រាវបានរកឃើញថា មនុស្សដែលមានស្បែកខ្មៅមានហានិភ័យកើតជំងឺមហារីកស្បែកតិចជាងមនុស្សដែលមានស្បែកស។

២.ធ្លាប់រលាកស្បែកដោយសារពន្លឺព្រះអាទិត្យ
នៅពេលដែលស្បែកត្រូវទទួលរងពីកាំរស្មីព្រះអាទិត្យខ្លាំងពេក វានឹងបង្កទៅជារលាកធ្ងន់ធ្ងរ។ ប៉ុន្តែប្រសិនើបើការលាកកើតឡើងជាលើកទី២ អ្នកអាចប្រឈមនឹងជំងឺមហារីកស្បែកកាន់តែខ្ពស់។

៣.ការប៉ះពាល់នឹងពន្លឺព្រះអាទិត្យយូរពេក
ការប៉ះពាល់ជាមួយនឹងពន្លឺព្រះអាទិត្យយូរពេក អាចបង្កើនបរិមាណគ្រោះថ្នាក់កាន់តែខ្លាំងមកលើស្បែក។ ជាពិសេស ចំពោះអ្នកដែលរស់នៅក្នុងបរិយាកាសត្រូវនឹងពន្លឺព្រះអាទិត្យខ្លាំងជាប្រចាំ ប្រឈមហានិភ័យខ្ពស់ជាងអ្នកដែលមិនសូវត្រូវពន្លឺព្រះអាទិត្យ។

៤.ប្រវត្តិគ្រួសារធ្លាប់មានជំងឺមហារីកស្បែក
ហ្សែនដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កឲ្យមានជំងឺមហារីក។ ប្រសិនបើអ្នកមានប្រវត្តិគ្រួសារកើតជំងឺនេះ វាក៏អាចប៉ះពាល់ដល់កូនចៅជំនាន់ក្រោយ រួមទាំងអ្នកផងដែរ។ លើសពីនេះទៅទៀត ប្រសិនបើនរណាម្នាក់ធ្លាប់កើតជំងឺនេះរួចម្តងហើយ វាអាចកើតមានចំពោះគេម្តងទៀត។

៥.ជាតិវិទ្យុសកម្ម
មនុស្សដែលទទួលការព្យាបាលដោយប្រើកាំរស្មីចំពោះស្បែក ដូចជាជំងឺសើរស្បែក និងរោគមុន អាចប្រឈមការកើនឡើងនៃហានិភ័យជំងឺមហារីកស្បែកដូចគ្នា៕

ប្រភព៖ thehealthsite

មតិយោបល់