ព័ត៌មានជាតិ

លឿនប៉ះលឿន លាន់សូរតែប្រាវ របួសធ្ងន់ស្រាល៦នាក់ ទាំងព្រលឹម​!

ឧត្ដរមានជ័យ: ​​ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងម៉ូតូ បើកបុក​ម៉ូតូ ក្នុងទិសដៅច្រាសគ្នា បើកក្នុងល្បឿនលឿន បណ្តាលឲ្យម្ចាស់ម៉ូតូទាំងសងខាង​​ និងអ្នករួមដំណើរ រងរបួសធ្ងន់ស្រាល៦នាក់ មូលហេតុគឺបើកបរមិនប្រកាន់ស្តាំ និងមិនពាក់មួកសុវត្តិភាព។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃច័ន្ទ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៤និង៤២នាទី​ទៀបភ្លឺ​ ស្ថិតក្នុងភូមិឈើក្រម សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

ជនរងគ្រោះទី១​មានឈ្មោះ ដាំ រតនះ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស(របួសធ្ងន់)បើកម៉ូតូមិនចាំម៉ាក ​និងអ្នករួមដំណើឈ្មោះ ដាំ វិច្ឆិកា ភេទប្រុស អាយុ៩ឆ្នាំ មុខរបរសិស្ស(របួសធ្ងន់) មិនពាក់មួកសុវត្ថិភាព អ្នកទាំងពីរស្នាក់នៅភូមិបុស្ស សង្កាត់កូនក្រៀល ក្រុងសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ចំណែកអ្នករងរបួសបើកម៉ូតូវ៉េវមានឈ្មោះ ឈុំ ឆុម ភេទប្រុស អាយុ៥៤ឆ្នាំ(របួសធ្ងន់)​​​ ​និងអ្នករួមដំណើរទី១ឈ្មោះ ម៉ុត មួន ភេទប្រុស អាយុ២២ឆ្នាំ (របួសធ្ងន់) ​ទី២ឈ្មោះ ឡូ លៀម ភេទប្រុស អាយុ២២ឆ្នាំ(របួសស្រាល) អ្នកទាំង៣​ស្នាក់នៅភូមិឈើក្រម សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងទី៤​ឈ្មោះ ក្តី ភេទ ប្រុសអាយុ ២៥ឆ្នាំ ស្នាក់នៅស្រុកបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ(របួសស្រាល)។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋានគរបាលស្រុក ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់។ ចំណែកអ្នករងរបួសខាងលើត្រូវបញ្ជូនទៅមន្ទីរពេទ្យ៕

មតិយោបល់