ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ពាក់ព័ន្ធករណីលួច

កណ្ដាល: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាលស្រុកកណ្ដាលស្ទឹង ឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៣នាក់ ករណីលួចមានស្ថានទម្ងន់ទោស ដែលករណីនេះ បានកើតឡើងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២១នឹង១០នាទី ចំណុចភូមិកំពង់ទួល ឃុំ អន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ុន សុភក្ត័ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិឫស្សី ឃុំព្រះនិពាន្ធ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មុខរបរ បុគ្គលិកក្រុមហ៊ុន អីអឹម (វិស្វករវាស់វែងផ្នែកអគ្គិសនី)។

ចំណែកមជនសង្ស័យមានគ្នា៣នាក់ទី១.ឈ្មោះ ហង្ស សុខនី ហៅ ប៊ុច ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិ ព្រៃផ្តៅ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ មុខរបរ ជាងភ្លើង(ឃាត់ខ្លួន). ទី២.ឈ្មោះ ឆាយ សុភា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិព្រៃផ្តៅ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស (ឃាត់ខ្លួន) និងទី៣.ឈ្មោះ សំអន ភេទប្រុស មានទីលំនៅខេត្ត ព្រៃវែង(គេចខ្លួន)។
ដោយឡែកវត្ថុតាងចាប់យក៖ ម៉ូតូ១គ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៩ ពាក់ស្លាកលេខ តាកែវ 1V-2527, ទូរសព្ទដៃ២គ្រឿង។

ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំកើតហេតុខាងលើជនសង្ស័យទាំង៣នាក់ ខាងលើបានជិះម៉ូតូ១គ្រឿងខាងលើ ដោយជនសង្ស័យឈ្មោះ ឆាយ សុភា ជាអ្នកបើកបរម៉ូតូ និងឈ្មោះ ហង្ស សុខនី ជាអ្នកជិះកណ្តាល និងឈ្មោះ សំអូន ជាអ្នកជិះខាងក្រោយ បានជិះម៉ូតូពីផ្ទះរបស់ឈ្មោះ ហង្ស សុខនី ឆ្ពោះមកភ្នំពេញ តាមផ្លូវជាតិលេខ៣ដើម្បីធ្វើសកម្មភាពលួច លុះជិះមកដល់ចំណុចកើតហេតុ ឃើញជនរងគ្រោះកំពុងជិះម៉ូតូម្នាក់ឯង.ភ្លាមនោះ ជនសង្ស័យឈ្មោះ ឆាយ សុភា បានធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះ បណ្តាលឲ្យដួល រួចជនសង្ស័យឈ្មោះ សំ អន ដែលជិះពីក្រោយកាន់ដំបង បានចុះពីលើម៉ូតូបំរ៉ុង វាយជនរងគ្រោះ ហើយបានលើកយកម៉ូតូជនរងគ្រោះជិះគេចខ្លួន ភ្លាមនោះជនរងគ្រោះបានស្រែកថា ចោរៗ ពេលនោះប្រជាពលរដ្ឋបានដេញតាមពីក្រោយ និងធ្វើការពួនស្ទាក់ ឃើញដូចនោះ ជនសង្ស័យភ័យបាន ផ្តួលម៉ូតូចោល រត់ចូលព្រៃ ដើម្បីគេចខ្លួនតែត្រូវបានកម្លាំងប្រជាការពារ និងសមត្ថកិច្ច រុករកតាម ចាប់ខ្លួន បានជនសង្ស័យ២នាក់ នៅចំណុចឃុំគោកត្រប់ ដោយឡែក ជនសង្ស័យឈ្មោះ សំអន បានជិះម៉ូតូ ជនរងគ្រោះគេចខ្លួនបាត់ទៅ។

ករណីនេះសមត្ថកិច្ច កំពុងស៊ើបអង្កេត និងបន្តចាត់ការស្វែងរកតាមនីតិវិធី ៕

មតិយោបល់