ព័ត៌មានជាតិ

បែកធ្លាយ! អ្នកបង្ហាញម៉ូត និងជាអ្នកចម្រៀង លក់គ្រឿងញៀន!

ភ្នំពេញ: ជនសង្ស័យជាបុរសសង្ហារ២នាក់ ក្នុងនោះមានម្នាក់ជាអ្នកចម្រៀង និងម្នាក់ជាអ្នកបង្ហាញម៉ូត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនបាន និងឆែកឆេររកឃើញគ្រឿងញៀនចំនួន២កញ្ចប់ធំ រួមនឹងឧបករណ៍ជក់ព្រមទាំងថង់សម្រាប់វេចខ្ចប់មួយចំនួនទៀត។

ករណីចុះបង្ក្រាបនិងឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨នេះ ដោយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ សហការជាមួយលោកវរសេនីយ៍ត្រី ម៉េង វិមានដារ៉ា អធិការរងនគរបាលខណ្ឌមានជ័យ ទទួលបន្ទុក​យុត្តិធម៌​ និងកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ​ដោយបានចាត់កម្លាំងតាមដានមុខសញ្ញាសង្ស័យជាអ្នកជួញដូរនិងចែកចាយគ្រឿងញៀន នៅចំណុចផ្ទះជួលមួយកន្លែងម្ដុំផ្សារប៉េសេ ស្ថិតតាមបណ្ដោយផ្លូវ៣៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីឃើញមុខសញ្ញាហើយ កម្លាំងសមត្ថកិច្ចក៏បានធ្វើឆ្មក់ចុះបង្ក្រាបឡោមព័ទ្ធឃាត់ខ្លួនបានចំនួន២នាក់តែម្ដង ទី១ឈ្មោះ សោម គឹមឌី ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកចម្រៀង ស្នាក់នៅផ្ទះជួលខាងលើ កន្លែងកើតហេតុ (ឃាត់ខ្លួន) និងទី២ឈ្មោះ ម៉ៅ រស្មី ភេទប្រុស អាយុ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបង្ហាញម៉ូត ស្នាក់នៅផ្ទះជួលខាងលើ កន្លែងកើតហេតុ។

វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៍ស​ថ្លា​ (សង្ស័យ​ជាគ្រឿងញៀន)ចំនួន០២កញ្ចប់(ធំ១ ចង់តូច១)និងថង់ប្លាស្ទីកសម្រាប់ច្រក១ចំនួន។ ប្រាក់១០០$ និងប្រាក់រៀល៥០០០០រៀល ទូរសព្ទដៃ២គ្រឿងម៉ាក អាយហ្វូន7 ពណ៌ខ្មៅ១គ្រឿង និង អាយហ្វូន5 ពណ៌ស១គ្រឿង និងម៉ូតូ១គ្រឿងម៉ាកស្កុបពី ពណ៌ក្រហម ស្លាកលេខកណ្តាល 1E-0754 ។

លោក ម៉េង វិមានដារ៉ា​ អធិការរងខណ្ឌមានជ័យ​ បានប្រាប់ Post News Media ថា បច្ចុប្បន្នជនសង្ស័យទាំង២នាក់នោះ រួមនឹងវត្ថុតាងគ្រឿងញៀន ២កញ្ចប់នោះ ត្រូវបានប្រគល់ឲ្យនគរបាលប៉ុស្តិ៍សង្កាត់ចាក់អង្រែលើ ធ្វើការឃុំខ្លួនធ្វើការសាកសួរដើម្បីរង់ចាំបន្តនិតិវិធីបន្តទៀត៕

មតិយោបល់