ព័ត៌មានជាតិ

ឈប់ទិញទឹកភ្លេចដកសោ ចោរឃើញឱកាសល្អជិះប្រុយ មួយសន្ទុះសមត្ថកិច្ចចាប់ជាប់

កណ្តាល: ចោរអស់លក្ខ័ម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ជាប់ ខណ:ដែលបុរសជនរងគ្រោះ ឈប់ ទិញទឹកសុទ្ធ ភ្លេចដកសោ ចោរឃើញឱកាសល្អ ឡើងជិះយកទៅតែម្តង តែសំណាងល្អ សមត្ថកិច្ចក្របួចបានមកវិញ។

ហេតុការណ៍ឃាត់ខ្លួននៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក នៅចំណុច ភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។

នគរបាលស្រុកស្អាង បានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ មាស សូម៉ាលី ភេទស្រី អាយុ៥២ឆ្នាំ មានទីលំនៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។ ជនសង្ស័យឈ្មោះ អៀង ហឿន ហៅទក ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅផ្ទះលេខ១៧១ ផ្លូវលេខ២១BT ភូមិបឹងទំពុន៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
វត្ថុតាងចាប់យក ម៉ូតូចំនួន១គ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ទឹកមាស ស្លាកលេខភ្នំពេញ1FE.9549 (របស់ជនរងគ្រោះ) និងកង់ចំនួន១គ្រឿង(របស់ជនសង្ស័យ)។

នគរបាលបញ្ជាក់ថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ៨ព្រឹកឈ្មោះមាស សូម៉ានី បានជិះម៉ូតូមក ភូមិស្វាយជួរ រួចបានចុះពីលើម៉ូតូមិនបានដកកូនសោចេញពីម៉ូតូទេ ចូលទិញទឹកសុទ្ធ ប្រហែលមួយសន្ទុះស្រាប់តែជនសង្ស័យបានឡើងជិះម៉ូតូចេញដោយបន្សល់កង់១គ្រឿងនៅកន្លែងកើតហេតុ ភ្លាមនោះម្ចាស់ឃើញក៏ស្រែកឆោឡោ។ បន្ទាប់មកជនសង្សយ័បានជិះម៉ូតូសំដៅឡើងទៅភ្នំពេញ ពេលកម្លាំងនគរបាលស្រុកស្អាងទទួលបានព័ត៌មានភ្លាមក៏ចេញពួនស្ទាក់ចាប់បានជនសង្យ័យនៅចំណុចភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាងខេត្តកណ្ដាល បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់