ភ្នំពេញៈ យុវជនម្នាក់បានបោកក្បាលនិងរបាំងថ្មចែកទ្រូងផ្លូវ ស្លាប់ភ្លាមៗគួរឲ្យអាណោចអាធម័ និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿន មិនប្រយ័ត្ន កាលវេលាម៉ោង៩ និង៤០នាទីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ចំណុចជិតរង្វង់មូលចោមចៅ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
សពជនរងគ្រោះឈ្មោះ ម៉ន ហេងទី ភេទប្រុស អាយុ២០ឆ្នាំ មុខរបជាងដែក ស្នាក់នៅជំពូវន្ត័ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិទួលស្រឹង ឃុំព្នៅទី១ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
តាមប្រភពពីជនរងគ្រោះដែលរងរបួសស្រាល បានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ និងសព បានជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1P-5912 ទើបតែចេញពីកម្មវិធីផឹកស៊ីមួយកន្លែង ដោយធ្វើដំណើរតាមបណ្ដោយ ផ្លូវសហពន្ធ័រុស្សី ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុច កើតហេតុ បានជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលបោកក្បាល ស្លាប់ភ្លាមៗ (អ្នកបើក) និងអ្នកជិះខាងក្រោយរងរបួសស្រាល។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញខណ្ឌ ចុះធ្វើកំណត់ហេតុ រួចប្រគល់ឲ្យក្រុមគ្រួសារ ដឹកសព យកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូរងគ្រោះ សមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ រង់ចាំសាច់ញ្ញាតិយកឯកសារមកផ្ទៀងផ្ទាត់ និងប្រគល់ជូនវិញ៕
មតិយោបល់