កំពង់ស្ពឺៈ ជនសង្ស័យចំនួន២នាក់ ត្រូវជាឪពុកនិងកូន ត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃ ចុះបង្ក្រាបបានជាក់ស្តែង កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ នៅទីតាំងធ្វើអត្តសញ្ញាណប័ណ្ណក្លែងក្លាយមួយកន្លែង ដែលមានស្លាកយីហោ ប៊ុនធី ថតរូបល្អពេញចិត្ត ក្នុងភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ពាក់ពន្ធ័នឹងករណីក្លែងឯកសារខុសច្បាប់។
ជនសង្ស័យទាំង២នាក់ ឪពុកកូននេះ ទី១មានឈ្មោះ នុត សំអាត ភេទប្រុស អាយុ៣៤ឆ្នាំ (ត្រូវជាកូន) និងទី២ឈ្មោះ ប៉ុល សារ៉ុម ភេទប្រុស អាយុ៦៤ឆ្នាំ អ្នកទាំង២ស្នាក់នៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
តាមការឆ្លើយសារភាពពីជនសង្ស័យខាងលើ បានឲ្យដឹងថា «ខ្លួនពិតជាបានធ្វើសកម្មភាពក្លែងឯកសារ (អត្តសញ្ញាណប័ណ្ណ) តាំងពីខែមីនា ឆ្នាំ២០១៧ មកដល់ថ្ងៃចាប់ខ្លួនបានចំនួនជាង៤០០សន្លឹក» ។ ហើយនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅកាន់ការិយាល័យជំនាញក្រសួងមហាផ្ទៃដើម្បីបន្តនីតិវិធីច្បាប់ហើយ ៕








មតិយោបល់