ភ្នំពេញៈ បុរសម្នាក់ដែលជាព្រូរថយន្តស្ទូចបានលើកស្ទូចទូកុងតឺន័រដាក់លើរថយន្ត បែរជាភ្លាត់ស្នៀតធ្លាក់ចំ បណ្តាលឲ្យស្លាប់ ខណៈដែលដឹកមកដល់មន្ទីរពេទ្យ។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងផែស្ងួត Toll ដែលទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ង៉ាន តូច ភេទប្រុស អាយុ២៣ឆ្នាំ ជាព្រូរថយន្តស្ទូច មានស្រុកកំណើតនៅស្រុកបន្ទាយមាស ខេត្តកំពត ។
តាមសម្តីពីបុរសម្នាក់ដែលជាសន្តិសុខយាមនៅក្នុងផែស្ងួតកើតហេតុខាងលើបានរៀបរាប់ឲ្យដឹងថា បុរសរងគ្រោះខាងលើ គឺមិនមែនជាបុគ្គលិកនៅក្នុងក្រុមហ៊ុនផែស្ងួតកើតហេតុខាងលើនោះទេ គឺដោយសារតែគ្រឿងចាក់នៅក្នុងក្រុមហ៊ុនផែស្ងួតខាងលើនោះខូច ហើយខាងក្រុមហ៊ុនក៏បានជួលខាងក្រុមហ៊ុនរថយន្តស្ទូចដែលបុរសរងគ្រោះធ្វើការនៅក្នុងនោះ ដើម្បីឲ្យមកស្ទូចទូរកុងតឺន័រ ដាក់លើរថយន្តដឹកចេញទៅតាមដេប៉ូនានា ។ លុះដល់វេលាកើតហេតុបុរសរងគ្រោះ និងតៃកុងរថយន្តស្ទូចបានធ្វើការស្ទូចទូកុងតឺន័រទទេមួយ ដែលដាក់ត្រួតនៅពីលើគ្នាចំនួនបីទូ ដោយបុរសរងគ្រោះបានឡើងខាងលើទូកុងតឺន័រ ដែលនៅខាងលើគេ ដោយមិនបានពាក់នូវខ្សែក្រវ៉ាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវនោះទេ ហើយបុរសរងគ្រោះបានយកខ្សែកាបចំនួន២សរសៃទៅថ្ពួងសង់ខាងនៃទូកុងតឺន័រនោះ ដើម្បីដាក់ទៅលើរថយន្តសណ្តោងមួយគ្រឿងទៀត ។ ដោយខ្វះការប្រុងប្រយ័ត្នបន្ទាប់មកតៃកុងរថយន្តស្ទូចក៏បានធ្វើការស្ទូចទាំងបុរសរងគ្រោះនៅខាងលើទូរកុងតឺន័រ ខណៈពេលនោះស្រាប់តែខ្សែកាបម្ខាង បានរបូតចេញពីទូកុងតឺន័រ បណ្តាលឲ្យបុរសរងគ្រោះធ្លាក់ពីលើទូផ្កាប់មុខទៅនឹងដីរងរបួសធ្ងន់ធ្ងរឈាមចេញតាមត្រចៀក ។ ភ្លាមនោះក៏ត្រូវបានសន្តិសុខដែលយាមនៅក្នុងបាននាំគ្នាប្រញាប់ដឹកតាមម៉ូតូមកសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ តែជាអកុសលខណៈពេលដឹកមកគ្រូពេទ្យបានប្រាប់ថា បុរសរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ក្រោយពេលកើតហេតុសពបុរសរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯខេត្តកំពត ដែលជាស្រុកកំណើត ៕
មតិយោបល់