កណ្តាលៈ ហិង្សាមួយបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល រវាងក្មេងទំនើង២ក្រុម មានទំនាស់តិចតួចសោះ ប្រយុទ្ធគ្នា អ្នកឈ្នះដេកគុក អ្នកចាញ់ដេកពេទ្យ។
ហេតុការណ៍ហិង្សានេះបានកើតឡើងនៅថ្ងៃ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៥និង២០នាទី នៅចំណុចភូមិពីងពង់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
នគរបាលជំនាញព្រហ្មទណ្ឌបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ នៅ ចាន់តារា (ហៅទីន) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិអណ្តូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកឯជនសង្ស័យឈ្មោះ យន យុទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុការ មានទីលំនៅភូមិពីងពង់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
នគរបាលបញ្ជាក់ថា នៅ ថ្ងៃ ខែ ឆ្នាំកើតហេតុខាងលើ ឈ្មោះ នៅ ចាន់តារា(ហៅទីន) បានជិះម៉ូតូឌុបឈ្មោះ ប៊ិប ទិសដៅពីលិចទៅកើត ក៏បានជួបជាមួយឈ្មោះ វី សំណាង ជិះម៉ូតូឌុប ឈ្មោះ យន យុទ្ធ ធ្វើដំណើរស្របទិសគ្នា ស្រាប់តែឈ្មោះ នៅ ចាន់ដារា បានចោទប្រកាន់ឈ្មោះ យន យុទ្ធ ថា ៖ លើកដៃមួយអម្បាញ់មិញនេះចង់វាយគ្នាមួយស្មើឬ? ពេលជាមួយគ្នានោះបានជិះម៉ូតូមកដល់ចំណុចលូ អូកែវ ស្រាប់តែឈ្មោះ នៅ ចាន់ដារា និងឈ្មោះ វី សំណាង បានបន្ថយល្បឿនម៉ូតូដោយសារផ្លូវមានជង្ហុក ភ្លាមនោះឈ្មោះ នៅ ចាន់ដារា បានឈប់ម៉ូតូស្ទុះដាល់ឈ្មោះ យន យុទ្ធ ចំនួនពីរដៃចំក រំពេចនោះឈ្មោះ យន យុទ្ធ ស្ទុះដាល់ឈ្មោះ នៅ ចាន់ដារា មួយដៃស្ដាំចំមុខបណ្ដាលឲ្យមានស្នាមមុតភ្នែកខាងស្ដាំ។
ក្រោយពេលកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវទទួលបានព័ត៌មានខាងលើបានអន្តរាគមន៍ដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនឈ្មោះ យន យុទ្ធ ចំណែកឈ្មោះ នៅ ចាន់ដារា ត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។
បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្តនិតិវិធីតាមច្បាប់៕
មតិយោបល់