ព័ត៌មានជាតិ

ក្រុមចោរភ្ជង់ប្លន់យកម៉ូតូពីយុវតីជាសិស្សម្នាក់មិនសម្រេច ឆក់កាបូបទៅបាត់

ភ្នំពេញ: នារីរូបស្រស់ម្នាក់ ជិះម៉ូតូចេញពីរៀន បំណងទៅផ្ទះ ត្រូវក្រុមចោរប្លន់ប្រដាប់អាវុធមានគ្នា២នាក់ ដកកាំភ្លើងខ្លីមួយដើម ជិះម៉ូតូមកស្ទាក់ផ្លូវរួចធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូតែមិនសម្រេច ក៏ឆក់យកកាបូបរបស់នាងទៅបាត់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៤០នាទី យប់ថ្ងៃទី១៦ ខែមករាឆ្នាំ២០១៧ នៅផ្លូវបេតុង ភូមិស្រែជំរៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះ ឈ្មោះ សេង លក្ខិណា ភេទស្រី អាយុ២៧ឆ្នាំ មុខរបជាសិស្ស ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរួបនាងបានជិះម៉ូតូម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FI-0838 ចេញពីសាលារៀននៅជិតផ្សារស្ទឹងមានជ័យថ្មី ខណ:ធ្វើដំណើរមកដល់ចំណុចកើតហេតុ ជាកន្លែងស្ងាត់ផងនោះស្រាប់តែមានជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក ប្រដាប់ដោយអាវុធខ្លីមួយដើម មិនចាំម៉ាក បានមកស្ទាក់ពីមុខម៉ូតូជនរងគ្រោះរួច ដកកាំភ្លើងខ្លីពីចង្កេះមកធ្វើសកម្មភាពភ្ជុង់គំរាម ប្លន់យកម៉ូតូតែភ្លាមនោះជនរងគ្រោះបានដកសោ ចេញពីម៉ូតូ បោះចោល ស្រាប់តែជនសង្ស័យម្នាក់បានដណ្តើមយកការបូបស្ពាយហើយជនរងគ្រោះក៏រត់ចេញពីម៉ូតូ ស្រែកឲ្យគេឯងជួយ។

ជនរងគ្រោះបានបន្តថា បន្ទាប់ពីរូបនាងបានរត់ហើយ ភ្លាមនោះជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនបាត់ដោយមិនបានយកម៉ូតូជនរងគ្រោះទៅជាមួយនោះដោយសារតែគ្មានសោ ។

ក្រោយពីកើតហេតុជនរងគ្រោះក៏ជិះម៉ូតូទៅផ្ទះទាំងមានការភ័យញ៉ាប់ញ័រលុះព្រឹកឡើងទើបមកប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅដើម្បីឱ្យសមត្ថកិច្ចជួយវែកមុខជនល្មើសខាងលើ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់