ព័ត៌មានជាតិ

ច្រើនណាស់! ចាប់ម្តង៣ករណី ដកហូតថ្នាំញៀនជិត៦០កញ្ចប់

ភ្នំពេញ: ជនសង្ស័យចំនួន៣នាក់ ក្នុងនោះមានក្មេងមិនទាន់គ្រប់អាយុម្នាក់ ត្រូវបានកម្លាំងពិសេសនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការបង្ក្រាបបានចំនួន៣ករណីផ្សេង ដកហូតថ្នាំញៀនចំនួន ៥៣កញ្ចប់ឯណោះ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីទី១ធ្វើឡើងនៅ ១០និង៣០នាទី ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នៅភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ឌី វ៉ាន់លូ ភេទប្រុស អាយុ១៨ឆ្នាំ ដកហូតបានថ្នាំញៀន២៥កញ្ចប់តូច។

ករណីទី២ ធ្វើឡើងនៅ៤និង២០នាទីល្ងាច នៅចំណុចភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបានក្មេងប្រុសម្នាក់ ជាអនីតិជន ដកហូតបានថ្នាំញៀនសរុប ១១កញ្ចប់តូច ត្រូវសមត្ថកិច្ចប្រគល់ឲ្យខាងសង្កាត់យកទៅអប់រំកែប្រែ។

និងករណីទី៣ ធ្វើឡើងនៅម៉ោង ៥ល្ងាច ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នៅភូមិត្រពាំងថ្លឹង ច្រកឌឿងហែម ខាងក្រោយផ្ទះល្វែងខាងលិចរោងចក្រ៦ជាន់ សង្កាត់ចោមចៅទី២១ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ឃុត ទី អាយុ១៩ឆ្នាំ ដកហូតបានថ្នាំញៀន១៥កញ្ចប់តូច និង១កញ្ចប់ធំល្មម សរុប១៦កញ្ចប់៕

មតិយោបល់