កំពង់ចាម: ស្ត្រីម្នាក់ត្រូវបានលង់ទឹកស្លាប់ ដោយមិនដឹងមូលហេតុ គ្រាដែលជនរងគ្រោះ បានចុះទៅរាវលៀស ជាមួយកូនស្រី នៅក្នុងទន្លេមេគង្គ ដែលហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី២០ មេសា ២០១៦ ស្ថិតនៅក្នុងចំណុច ភូមិទួលធាតុ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ស្ត្រីរងគ្រោះ មានឈ្មោះយុន ស៊ីថា អាយុ ៣៣ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ នៅមុនពេលកើតហេតុ គឺស្ត្រីរងគ្រោះ បានចុះទៅរាវលៀស នៅក្នុងទន្លេមេគង្គ ជាមួយកូនស្រី ដោយបាត់យូរ មិនឃើញឡើងមកលើគោក កូនស្រី ក៏បានទៅហៅសាច់ញាតិ ឲ្យចុះទៅរាវរក ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះ ឈ្លក់ទឹកស្លាប់បាត់ទៅហើយ។
ក្រោយពីកើតហេតុ កម្លាំងជំនាញបច្ចេកទេស នគរបាលស្រុកកោះសូទិន បានចុះទៅធ្វើកោសល្យវិច្ច័យ ដោយមិនឃើញមានពាក់ព័ន្ធនឹងបទល្មើសអ្វីផ្សេងទេ ហើយក៏បានប្រគល់សាកសពស្ត្រីរងគ្រោះ ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ផងដែរ៕
មតិយោបល់