ព័ត៌មានជាតិ

បើករថយន្តចេញពីមង្គលការ ជ្រុលទៅបុកលូដាក់ខណ្ឌចែកផ្លូវ របួសធ្ងន់ម្នាក់

ភ្នំពេញៈ ពីរនាក់ម្តាយ និងកូន បានបើករថយន្តចេញពីមង្គលការមួយកន្លែង ជ្រុលចង្កូតទៅបុកលូដាក់ខណ្ឌចែកផ្លូវ បណ្ដាលឲ្យខ្ទេចទាំងលូ ខ្ទេចទាំងរថយន្ត ទៅមុខលេងរួច ចំណែកស្ត្រីជាម្តាយរងរបួសធ្ងន់។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវដួងងៀម ក្នុងភូមិទ្រុងមាន់ សង្កាត់អូបែកក្អមខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមកាបញ្ជាក់ពីម្ចាស់រថយន្ត បានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់ មានគ្នាពីរនាក់ម្តាយនិងកូន បានបើករថយន្តមួយគ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2K-1587 ទើបនិងចេញពីពិធីមង្គលការមួយកន្លែង នៅម្តុំព្រៃតាម៉ាក់ បើកបរក្នុងទិសដៅពីជើងទៅត្បូងគោលបំណង ទៅយកប្អូនម្នាក់ទៀត នៅម្តុំកាណាឌីយា លុះបើកមកដល់ចំណុចកើតហេតុខាងលើ ដោយផ្លូវងងឹត និងចាំងភ្លើងរថយន្តដែលបើកបញ្ច្រាសទិសដៅគ្នា ក៏បានជ្រុលចង្កូតទៅបុកលូខណ្ឌចែកផ្លូវពេញទំហឹង បណ្តាលឲ្យបែកលូមួយកង់ រីឯរថយន្តខ្ទេចមួយកំណាត់មុខ និងស្ត្រីវ័យចំណាស់ម្នាក់ ដែលត្រូវជាម្តាយរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុរថយន្តបង្ក ព្រមទាំងម្ចាស់រថយន្ត ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួន បានភ្លាមៗផងដែរ និងឲ្យរងចាំដោះស្រាយ ជាមួយខាងក្រុមហ៊ុនធ្វើផ្លូវនិងដាក់ លូ ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕

មតិយោបល់