ភ្នំពេញៈ ខណៈដែលនៅលើបណ្ដាញហ្វេសប៊ុកមានការរិះគន់ថាCoach ឱក សុគន្ធកញ្ញា មានភាពមិនយុត្តិធម៌ព្រោះតែឲ្យរ៉េត ស៊ូហ្សាណាច្រៀងបទដែលមានមេឡូឌីទាប ហើយឲ្យថែល ថៃ ច្រៀងបទស្រែកៗពិបាកៗនោះ នៅទីបំផុត ការរិះគន់ដែលបានកើតឡើងត្រូវបានបញ្ចប់ បន្ទាប់ពី បេក្ខនារីរ៉េត ស៊ូហ្សាណា ត្រូវបានទម្លាក់កាលពីយប់ថ្ងៃទី១២ មិថុនា ក្នុងកម្មវិធីThe Voice Cambodia ដោយជើងខ្លាំងថែល ថៃ។ ការបរាជ័យរបស់នាង គឺជាការបិទបញ្ចប់រាល់ការរិះគន់ ខណៈដែលមុនការប្រកាសលទ្ធផល គឺការផុសផុលយ៉ាងខ្លាំងវាយសន្ធាប់ថាកម្មវិធី បានរៀបចំឲ្យរ៉េត ស៊ូហ្សាណា ទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ដើម្បីឲ្យមានប្រៀបលើ ថែល ថៃ នោះ។
ឱក សុគន្ធកញ្ញាត្រូវ គេឃើញបង្ហូទឹកភ្នែក និងយំអោបរ៉េត ស៊ូហ្សាណា នៅចុងកម្មវិធីបន្ទាប់រ៉េត ស៊ូហ្សាណា ត្រូវបានចាកចេញដោយនឹកស្មានមិនដល់។ លទ្ធផលនេះ បានជួយឲ្យមហាជនភាគច្រើនទទួលយក ខណៈដែលក្រុមរបស់ឱក សុគន្ធកញ្ញា គឺជាក្រុមដែលមានមហាជនផ្ដោតការចាប់អារម្មណ៍ជាងគេ ដោយសារតែរ៉េត ស៊ូហ្សាណា ថ្វីដ្បិតទទួលបានការសរសើរថា ច្រៀងបទអង់គ្លេសបានល្អ ប៉ុន្តែការរិះគន់ចំពោះនាងក៏ច្រើនលើសលប់។ ថែល ថៃ គឺជាបេក្ខជនតែម្នាក់ក្នុងក្រុមឱក សុគន្ធកញ្ញា ដែលបានទម្លាក់រ៉េត ស៊ូហ្សាណា ហើយលោកក៏ជាម្នាក់ក្នុងក្រុម៤រូបដែលទទួលបានប្រាក់រង្វាន់២ពាន់ដុល្លារត្រលប់ទៅផ្ទះដោយស្វ័យផងដែរ ព្រោះតែកម្មវិធីបានប្រកាសថា ៤រូបដែលបានទៅកាន់វគ្គផ្ដាច់ព្រ័ត្រ បើទោះមិនជាប់ចំណាត់ថ្នាក់ក៏ទទួលបាន២ពាន់ដុល្លារក្នុងដៃ។
ក្នុងនោះបេក្ខជនបេក្ខនារីដែលត្រូវបានទម្លាក់ដោយកម្មវិធី ក៏មានការបង្ហូរទឹកភ្នែកនៅមុនគោរពលាផងដែរ។ ជាពិសេស គឺបេក្ខនារីរ៉េត ស៊ូហ្សាណា បើទោះជាបានទទួលស្គាល់ចំពោះការបរាជ័យ ក៏នាងបង្ហូរទឹកភ្នែកបង្ហាញការសោកស្ដាយនៅពេលអោបលាCoach របស់ខ្លួន។ កម្មវិធីនេះ នឹងមានតែម្នាក់ប៉ុណ្ណោះត្រូវបានកំណត់ថា ជាម្ចាស់ពាន ដោយមិនមានចំណាត់ថ្នាក់លេខ២ លេខ៣ ឬចំណាត់ថ្នាក់កិត្តិយសនោះទេ។
៤នាក់ដែលបានឈានឡើងទៅវគ្គផ្ដាច់ព្រ័ត្រនោះរួមមាន បេក្ខនារីឈីន រតនៈ ក្នុងក្រុមលោកណុប បាយ៉ារិទ្ធិ បេក្ខនារី សាន ស្រីឡៃ ក្នុងក្រុមរបស់អ្នកនាង ពេជ្រ សោភា បេក្ខជន ឃី សុឃុន ក្នុងក្រុមលោកឆន សុវណ្ណរាជ និងបេក្ខជន ថែល ថៃ ក្នុងក្រុមរបស់ឱក សុគន្ធកញ្ញា៕
មតិយោបល់