ព័ត៌មានជាតិ

សាហាវមែន ចូលប្លន់ដល់ក្នុងផ្ទះ យកអស់៧ម៉ឺនដុល្លារ និងគ្រឿងអលង្ការមួយចំនួន

កណ្តាល: គក់ជេរដី បានលុយកាន់មិនទាន់ក្តៅដៃផង ត្រូវចោរមួយក្រុមប្រដាប់ដោយអាវុធចូលប្លន់ក្នុងដល់ផ្ទះ យកប្រាក់អស់ ៧ម៉ឺនដុល្លារ និងគ្រឿងអលង្ការមួយចំនួន រួចគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង ១និង០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំនុចផ្ទះឈ្មោះ ផន វណ្ណី ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

ប្រភពបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផន វណ្ណី អាយុ៣១ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ រស់នៅភូមិឃុំ កើតហេតុខាងលើ។ ចំណែកឯជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ភេទប្រុស មានគ្នា០៣នាក់ ប្រដាប់ដោយអាវុធខ្លី០២ដើម គេចខ្លួនបាត់ស្រមោល។

ប្រភពបន្តថា ក្រោយពីធ្វើសកម្មភាពចង់និងភ្ជង់ប្លន់ ក្នុងនោះសម្ភារ:បាត់បង់ រួមមាន៖ លុយដុល្លារចំនួន ៧ម៉ឺនដុល្លារ ខ្សែកមាស១.១តម្លឹង និងជញ្ចៀនមាស ១តម្លឹង។

បច្ចុប្បន្ន កម្លាំងអាវុធហត្ថស្រុកមុខកំពូល និងជំនាញអាវុធហត្ថខេត្តកណ្តាលកំពុងស្រាវជ្រាវបន្តតាមចាប់ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់