បន្ទាយមានជ័យៈ លោក សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានថ្លែងថា ថ្នាំញៀនមិនមែនជាថ្នាំសម្រាប់ប៉ូវកម្លាំងនោះទេ ផ្ទុយទៅវិញថ្នាំញៀនវាពិតជាបំផ្លាញជីវិត និងអនាគតយើងគ្រប់គ្នា។ ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្បែរតំបន់ ដែលងាយកើតមានបទល្មើសគ្រឿងញៀន សូមកុំទាញយកផលប្រយោជន៍ពីបទល្មើសនេះ ហើយសូមរាយការណ៍មកកាន់សមត្ថកិច្ចធ្វើបង្ក្រាបទប់ស្កាត់ និងបោសសម្អាត ដើម្បីប្រទេសយើងគ្មានគ្រឿងញៀន។
លោក សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យថ្លែងដូច្នេះនៅក្នុងទិវាអន្តរជាតិប្រយុទ្ធគ្រឿងញៀនថ្ងៃទី២៦ មិថុនា ២០១៦ដែលរៀបចំឡើងនៅវេទិការខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី២៩ មិថុនា ២០១៦ ក្រោមការចូលរួមពីលោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក អ៊ី ឡុង សមាជិកក្រុមប្រឹក្សាខេត្ត និងអស់លោក លោកស្រី ពីមន្ទីរស្ថាប័នជុំវិញខេត្តព្រមទាំងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស ប្រមាណជិត១០០០នាក់។
តាមការលើកឡើងរបស់លោកនាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ក្នុងការអនុវត្តច្បាប់របស់សមត្ថកិច្ចលើការបង្រ្កាបគ្រឿងញៀនមាននគរបាល ប៉េអឹម បាន៨៩លើកមានជនសង្ស័យ២០៣នាក់។
ក្នុងការអនុវត្តច្បាប់នេះ នគរបាលខេត្តបន្ទាយមានជ័យបង្រ្កាបបទល្មើសគ្រឿងញៀនបាន៦៩លើក ឃាត់ខ្លួនបាន១៦៦នាក់ស្រី១៣នាក់។ អាវុធហត្តខេត្តបាន២០លើ ឃាត់ខ្លួនបាន៣៧នាក់ស្រី៨នាក់ ដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីនwy62125គ្រាប់ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទឹកកកបានចំនួន១៩០២៥៩ក្រាម ក្នុងនោះដែររឹបអូសរថយន្ត៣គ្រឿង ម៉ូតូ២៣គ្រឿង និងទូរស័ព្ទ១១០គ្រឿង។
បន្ទាប់ពីអាននូវសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន លោក ឡាយ គឹមលី អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានស្នើដល់គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តត្រូវបន្តអនុវត្តន៍តាមសារាចរ ១បង្ក្រាបទប់ស្កាត់គ្រឿងញៀន នឹងបន្តព្យាបាលជនរងគ្រោះដោយសារធាតុញៀន៕
មតិយោបល់