កណ្តាលៈ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៣រសៀល មានករណីប្រទះឃើញបុរសម្នាក់និយាយវង្វេង និងមានរបួសក្បាល ស្នាមដេរ ស្ថិតត្រង់វាលស្រែ ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាប់ព្រុំប្រទល់ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ រ៉េត រឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រពន្ធឈ្មោះ ឈួន សុខធី មានកូន២នាក់ ឈ្មោះ រឿន វណ្ណះ ភេទស្រី និងឈ្មោះ រឿន វណ្ណី ភេទស្រី។
តាមការបំភ្លឺពីប្រជាពលរដ្ឋ បានឲ្យដឹងថា បុរសខាងលើនេះបានដើរពីសង្កាត់ក្បាលកោះ មកដេកនៅវាលស្រែភូមិរទាំង និង មានរបួសក្បាលស្នាមដេរ។ បើតាមការសាកសួរពីឈ្មោះ រ៉េត រឿន បានបំភ្លឺថាខ្លួនបានផឹកស្រាជាមួយមិត្តភ័ក្រ៣នាក់ ដោយមិនស្គាល់ឈ្មោះ ហើយក៏ដើរវង្វេងមកដេកនៅចំណុចខាងលើតែម្តង។
បច្ចុប្បន្ន សមត្ថកិច្ចរដ្ឋបាលភូមិធំបានយកឈ្មោះ រ៉េត រឿន មកស្នាក់នៅប៉ុស្តិ៍នគរបាល រងចាំក្រុមគ្រួសារមកទទួលយកទៅផ្ទះវិញ៕




មតិយោបល់