ភ្នំពេញៈ យោងតាមការបញ្ជាក់របស់ លោកព្រះរាជអាជ្ញារង សុក កែវបណ្ឌិត អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានឱ្យដឹងតាម Telegram នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះថា លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ជាតំណាងអយ្យការកាន់សំណុំរឿងនេះ បានសម្រេច ចោទប្រកាន់ លើ៖
-ទី១ឈ្មោះ លី លាងគង់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ
-ទី២ឈ្មោះ វុន សុភាព ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ
-ទី៣ឈ្មោះ លី គឹមហូវ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ
-ទី៤ឈ្មោះ ប៉ង ប្រែង ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ
-ទី៥ឈ្មោះ លឹម វិទូ ហៅ ឃាង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ
-និងទី៦ឈ្មោះ តូ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិថៃ
ពីបទ ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន និងបទ សន្និធិអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទប្រព្រឹត្តកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នៅចំណុច បន្ទប់ជួល ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត យោងតាមមាត្រា ៤០ និងមាត្រា ៥៤នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៤៨៨ នៃក្រមព្រហ្មទណ្ឌ។
លោកព្រះរាជអាជ្ញារង សុក កែវបណ្ឌិត បន្ថែមថា តំណាងអយ្យការបានបញ្ជូនសំណុំរឿងនេះទៅ ចៅក្រមស៊ើបសួរ រួចហើយ ដើម្បីចាត់ការតាមនីតិវិធីនៅព្រឹកថ្ងៃស្អែកបន្តទៀត។
ក្រុមជនត្រូវចោទ បាន សារភាពថា ពួកគេបានរកស៊ីលក់គ្រឿងញៀន នេះរយៈពេលជាង១ឆ្នាំ មកហើយ ដោយយកទៅលក់នៅក្នុង ក្លឹបឌីស្កូ ថាច់ថោន និងក្លឹប ស្តាស៊ីធី ក្នុងក្រុងប៉ោយប៉ែត។
ពួកគេ អះអាងថា គ្រឿងញៀនទាំងអស់ និងអាវុធខ្លី ទាំង២ដើមនោះ ពួកគេទិញពីឈ្មោះ តូ ភេទប្រុស ជាជនជាតិថៃ។
គួររំលឹកថា កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយមានការសម្របសម្រួលដោយ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនត្រូវចោទទាំង ៦នាក់ខាងលើ កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ជួលទីតាំងខាងលើ។
យោងតាមរបាយការណ៍ ក្នុងប្រតិបត្តិការណ៍នោះ សមត្ថកិច្ចបាន ដកហូតវត្ថុតាងរួមមាន៖
-អាវុធខ្លី ចំនួន២ដើម ម៉ាក ROLO និង BARETTA មានគ្រាប់ ចំនួន ៧៥គ្រាប់
-រថយន្ត ចំនួន១គ្រឿង ម៉ាក Lexus GS៣០០ ពណ៌ស ស៊េរី ២០០៦
-កញ្ឆាក្រៀម មានទម្ងន់សរុប ៤,១៤០.៥៨ក្រាម
-គ្រឿងញៀន មេតំហ្វេតាមីន សរុប ទម្ងន់ ២៤១,១០ក្រាម
-គ្រឿងញៀន អ៊ិចស្តាស៊ី ចំនួន ៥៨៤,៥០ គ្រាប់ និងចំនួន ៤ ថង់តូច ទម្ងន់សរុប ១៧៣,៣០ក្រាម
-ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន១គ្រឿង
-ដបជក់ស៊ីសា ចំនួន១ដប
-ទឹកថ្នាំ ចំនួន ៤ដប
-ឧបករណ៍មូរបារីកញ្ឆា ចំនួន២គ្រឿង
-និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួន ទៀត៕
មតិយោបល់