ព័ត៌មានជាតិ

ថ្លើមធំ! ផ្លោះរបងបន្លាលួស ចូលផ្ទះវីឡាមួយកន្លែង បម្រុងលួច មានអីម្ចាស់ផ្ទះទាន់ វាយបែកឈាម!

ភ្នំពេញៈ ជនសង្ស័យម្នាក់ បានផ្លោះរបងបន្លាលួស ចូលក្នុងផ្ទះប្រជាពលរដ្ឋបម្រុងលួចរបស់មានតម្លៃ តែត្រូវម្ចាស់ផ្ទះដឹងទាន់ ព័ទ្ធចាប់បានវាយបែកឈាម ទើបរត់ទៅហៅនគរបាលវាយខ្នោះទៅសួរនាំបន្ត ។

ហេតុការណ៍នេះ កើតឡើងនៅម៉ោង៩យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ចំណុចផ្ទះវីឡាមួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមានឈ្មោះ អ៉ី វឿន អាយុ៤៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្បែរភូមិកើតហេតុ ។

តាមសម្តពីអ្នកនៅផ្ទះកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មនុស្សម្នាក្នុងផ្ទះបាន ជួបជុំគ្នាអង្គុយហូបបាយនៅមុខផ្ទះ លុះដល់ម៉ោង កើតហេតុ ក៏ឮសំឡេង ហែកសង្ក័សីនៅខាងក្រោយផ្ទះ ក៏ឲ្យមនុស្សដើរទៅមើល ស្រាប់តែឃើញជនសង្ស័យកំពុងលោតចុះពីរបងចូលមកក្នុងបរិវេណផ្ទះ ។ ទើបស្រែកថាចោរៗផ្អើលដល់មនុស្សម្នាក្នុងផ្ទះរត់ទៅចាប់និងស្វាគមន៍វាយបែកឈាមពេញមុខ ។

ក្រោយកើតហេតុ ខាងម្ចាស់ផ្ទះបានមកហៅសមត្ថកិច្ចប្រាប់ពីដំណើររឿង រួចសមត្ថកិច្ចបានទៅយកជនសង្ស័យ និងនាំជនរងគ្រោះម្ចាស់ផ្ទះមកដាក់ពាក្យបណ្តឹងដើម្បីកសាងសុំណុំរឿងបញ្ជូនជនសង្ស័យចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់