ព័ត៌មានជាតិ

លោក ចូ បៃដិន ថ្កោលទោសការបង្រ្កាបយ៉ាងបង្ហូរឈាមលើបាតុករមីយ៉ាន់ម៉ា ថាជាទង្វើឃោរឃៅ

 

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហិង្សាប្រព្រឹត្តឡើងដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា លើក្រុមបាតុករ ដោយចាត់ទុកថាការបង្រ្កាបយ៉ាងបង្ហូរឈាមកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ គឺជាទង្វើដ៏សាហាវឃោរឃៅ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅកាលពីថ្ងៃអាទិត្យ ម្សិលមិញ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានហៅការបង្ក្រាបយ៉ាងបង្ហូរឈាមលើក្រុមបាតុករ ពីសំណាក់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាថាជទង្វើសាហាវឃោរឃៅ។ លោក បៃដិន បានគូសបញ្ជាក់យ៉ាងខ្លីនដូច្នេះថា៖ «វាពិតជារន្ធត់ខ្លាំង ណាស់។ វាគឺជាទង្វើដ៏សាហាវឃោរឃៅ…»។

ប្រតិកម្មរបស់លោក ចូ បៃដិន កើតមានឡើងបន្ទាប់ពី កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ មនុស្សយ៉ាងហោច ១១៤នាក់ ត្រូវបានសម្លាប់នៅទូទាំង ប្រទេសមីយ៉ាន់ម៉ា ដោយសារតែគ្រាប់កាំភ្លើងរបស់កងកម្លាំងសន្តិសុខនៃរបបយោធា ហើយការសម្លាប់យ៉ាងរង្គាលនេះកើតមានឡើងនៅចំថ្ងៃ យោធាប្រារព្ធពិធីបុណ្យជាតិកងទ័ព៕

AFP៖ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១

មតិយោបល់