ព័ត៌មានជាតិ

ឡានបើកលឿន​ បុកម៉ូតូឆ្លងផ្លូវ ខ្ទេចក្បាលស្លាប់​ម្នាក់!

សៀមរាប: លោកវរសេនីយ៍ឯក​ សុខ​ សុទ្ធាវុធ​ អធិការនគរបាលស្រុកជីក្រែង​ បានប្រាប់​ Post News​ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តហ៊ីយ៉ាន់ដាយ បើកបុកម៉ូតូឆ្លងផ្លូវ ក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យស្លាប់​ម្នាក់និងរបួសម្នាក់​។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ ២០១៨ វេលាម៉ោង៨និង២០នាទីយប់​ ស្ថិតលើផ្លូវជាតិលេខ៦ ​ភូមិយាង ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។

ជនរងគ្រោះមានឈ្មោះ​ ​សយ មុំ ភេទប្រុស អាយុ១៦ឆ្នាំ(ស្លាប់) ស្នាក់នៅភូមិតាព្រុំ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប បើកម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AB-7934 ​និងអ្នករួមដំណើរឈ្មោះ ផន ផាត ភេទប្រុស អាយុ១៥ឆ្នាំ​ ស្នាក់នៅភូមិក្រប៉ៅ ឃុំសង្វើយ របួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត។ ចំណែកជនបង្កមានឈ្មោះ លី ប៊ិន ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិត្រពាំងថ្មាត ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម(ឃាត់ខ្លួន) បើករថយន្តម៉ាកហ៊ីយ៉ាន់​ដាយផ្លូវ៥ ​ក្បាលស្លាកលេខកំពង់ចាម 3A-6768 សណ្តោងរម៉ក ស្លាកលេខភ្នំពេញ 4A-1945។

ក្រោយកើតហេតុ កម្លាំងជំនាញបានចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុ និងនាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងដោះស្រាយតាមផ្លូវច្បាប់៕


មតិយោបល់